សម្តេចពញាចក្រី ហេង សំរិន លើកទឹកចិត្តឲ្យវេទិកាAPPFរួមគ្នាពិភាក្សាពីបញ្ហាសន្តិសុខ ពាណិជ្ជកម្ម ស្រី្ត និងវប្បធម៌

វិទ្យុជាតិកម្ពុជា៖  អត្ថបទដោយលោកវ៉ាង ភក្តី

សៀមរាប៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានលើកទឹកចិត្ត​​ឲ្យ​​វេទិកា​​សភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF  រួមគ្នាពិភាក្សាអំពីបញ្ហាសន្តិសុខ ពាណិជ្ជ​​កម្ម ស្រី្ត និងវប្បធម៌ ខណៈពិភពលោកកំពុងប្រឈមនឹងអស្ថិរ​​ភាពទាំងផ្នែក​​ភូមិសាស្រ្តន​​យោបាយ និងសង្គ្រាមពាណិជ្ជកម្មសេរី។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី ២៧ នៃវេទិកា APPF នាសណ្ឋាគារសុខាសៀមរាប ថ្ងៃព្រឹកទី១៥ ខែមករានេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានរៀបចំកិច្ចប្រជុំ APPF  លើកទី២៧ បានបញ្ជាក់ថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលបង្កើតឡើង២៧ឆ្នាំមកហើយ គឺជាវេទិកាពិភាក្សាអំពីបញ្ហាដែលមានការចាប់អារម្មណ៍ និង​​ការយកចិត្តទុកដាក់រួមគ្នាក្នុងតំបន់ និងការធ្វើកិច្ចសហប្រតិបត្តិការ ពង្រឹងសន្តិភាព សន្តិសុខ ពាណិជ្ជកម្មសេរី ការវិនិយោគ បញ្ហាស្រី្ត និងការអភិរក្ស លើកកម្ពស់វប្បធម៌របស់​​ប្រជាជាតិក្នុងតំបន់ ។

សម្តេចពញាចក្រី បានបញ្ជាក់ថា អាស៊ី-ប៉ាស៊ីហ្វិក មិនគ្រាន់តែជាតំបន់ដែលមានព​​ហុជាតិ​​សាសន៍ ជំនឿសាសនា និងមានភាពផ្សេងៗគ្នា នៃអារ្យធម៌រុងរឿងដ៏យូរលង់​​ប៉ុណ្ណោះទេ តែក៏ជាតំបន់មានសុខសន្តិភាព និងមានការរីកចម្រើន ផលិតកម្មដ៏ធំទូលាយ ទីផ្សារធំ និងជាប៉ូលទេសចរណ៍ដ៏មានសក្តានុពលនៅក្នុងសកលលោក ដែលជាប្រភពចំណូលដ៏រឹង​​មាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ សម្តេចបានបង្ហាញសុទិដ្ឋិនិយមថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ ក្រោមមូលបទ«ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» គឺជាឱកាសដ៏ល្អមួយទៀត ក្នុងការពង្រឹងពង្រីកកិច្ច​​សហប្រតិបត្តិការ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងលើកកម្ពស់សន្តិសុខ សន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងទូទាំងសកលលោក តាមរយៈ​ការចូលរួមអនុម័តសេចក្ដីសម្រេចនានា ឆ្លើយតាមបំណងប្រាថ្នារួមរបស់ស​ភាជាសមាជិក ។

សំឡេង៖ «ព្រឹត្តិការណ៍ថ្ងៃនេះ ជាកាលានុវត្តភាពដ៏ប្រសើរសម្រាប់យើងទាំងអ​ស់គ្នាធ្វើសំយោគនូវទស្សនទានប្រកបដោយវិចារណញ្ញាណ  បណ្តុះចក្ខុវិស័យវែងឆ្ងាយ សម្រាប់​ជាគោលមាគ៌ា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅថែមទៀត ស្របនឹងការវិវឌ្ឍនៃសភាពការណ៍សកលលោក ដែលសព្វថ្ងៃកំពុងប្រឈមទៅនឹងនិន្នាការ នៃការវិលត្រលប់នូវការស្អប់ជាតិសាសន៍ ដទៃ ដែលមិនមែនជាតិសាសន៍ខ្លួនឯង និងការ​​បណ្ដុះ​​បណ្ដាល ឱ្យមានភាពតានតឹងនៅក្នុងតំបន់ និងការប្រឈមមុខគ្នា ខាងភូមិសា​​ស្ត្រនយោ​បាយ»។

សម្តេចពញាចក្រី បានបន្តថា សន្តិភាពនៅក្នុងតំបន់ និងសកលលោក គឺជាកត្តាចម្បង​​ចាំបាច់​​សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយតំបន់មួយមានសន្តិភាព ជាកន្លែងមួយ​​ដែល​មាន​ការអភិវឌ្ឍ ហើយសន្តិភាពដោយគ្មានការអភិវឌ្ឍ គឺមិនអាចនៅស្ថិតស្ថេរបានទេ។ សម្តេចពញាចក្រី សង្ឃឹមថា វេទិកា APPFនេះ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព ភាតរភាព សហប្រតិបត្តិការល្អ ដោយឈរលើស្មារតីរួម ក្នុងការលើកយកបញ្ហាជាក់​​ស្តែង​ក្នុងតំបន់​​មកជជែក និងពិភាក្សា ដើម្បីធ្វើឱ្យតំបន់មួយ មានសុខសន្តិភាព ស្ថិរភាពន​​យោបាយ និងការអភិវឌ្ឍ ប្រកបដោយចីរភាព សំដៅបម្រើផលប្រយោជន៍ប្រជាជាតិ​​ពិតប្រាកដ និងសេចក្តី​​សុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ។

សភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចសភាថ្នាក់តំបន់នេះ ចាប់ពីថ្ងៃទី១៤ ដល់ទី១៧ខែមករា នៅលើទឹកដីអង្គរខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំ​​សភាមកពីបណ្តាប្រទេសជាសមាជិកចំនួន២១នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានដូចជា៖ ប្រទេសចិន អូស្ត្រាលី ឡាវ សហព័ន្ធរុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ុងហ្គោលី ណូវ៉ែលហ្សឺឡង់ ម៉ិចស៊ីកូ ជប៉ុន ថៃ កូរ៉េខាងត្បូង ឈីលី ប៉ាពួញូហ្គីនៀ សិង្ហបូរី ជាដើម។

វេទិកាAPPFនៅកម្ពុជានេះ មានសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤៣ របស់ប្រទេសសមាជិក​​ដែលបញ្ជូនមក ដើម្បីសុំការអនុម័តក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរបស់សភា ក្នុងវិស័យ​​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ការកសាងទំនុកចិត្ត ការជំរុញឲ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់ និងការលើកកម្ពស់តួនាទីស្ត្រីក្នុងស្ថាប័នសភា និងបញ្ហាមួយ​​ចំនួនទៀត៕