សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧

វិទ្យុជាតិកម្ពុជា៖ ដោយលោក ជៀង យ៉ាតរ៉េត

សៀមរាប៖   នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកនៃរដ្ឋសភា បានអញ្ជើញចូល​​រួមបើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

ការប្រកាសបើកជាផ្លូវការនៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧នេះ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភាកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិកសភា​​មកពីប្រទេស​ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំនួន២១។

គណៈប្រតិភូ APPF ដែលជាសមាជិកគណៈ កម្មាធិការប្រតិបត្តិចូលរួមកិច្ចប្រជុំព្រឹកមិញនេះ​​មាន ប្រទេសកម្ពុជា កាណាដា អូស្រ្តាលី ជប៉ុន ឈីលី ឡាវ ម៉ុងហ្គោលី រុស្ស៊ី ឥណ្ឌូណេស៊ី។

ក្នុងពិធីបើកកិច្ចប្រជុំនេះ ព្រះរាជ សារព្រះករុណា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសារ អបអរសាទររបស់ឯកឧត្តមតាគូជី យ៉ាណាគីម៉ូតូតំណាងរបស់ឯកឧត្តមយ៉ាស៊ូហ៊ីរ៉ូ ណាកាស៊ូនេ ប្រធានកិត្តិយសនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកនិង សុន្ទរកថារបស់លោកជំទាវ ងូយីន ទីគឹមហាន ប្រធានរដ្ឋសភាវៀតណាមនិងជាអតីតប្រធានវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៤ ខែមករា ម្សិលមិញនេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ដែលជាប្រធានវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិកលើកទី២៧ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិក។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីសម្រេច ការងារសំខាន់ៗមួយចំនួនរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF ពិសេសរបៀបវារៈសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ APPF ដែលនឹងប្រារព្ធពិធីបើកជាផ្លូវការនៅថ្ងៃទី១៥ ខែមករានេះ។

សូមជម្រាបផងដែរថា សភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ APPF ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិ ភាព សន្តិសុខ និងកាអភិវឌ្ឍប្រកបដោយចីរភា ព»។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាបណ្តុំស្ថាប័ននីតិប្បញ្ញត្តិមួយ ដែលបង្កើតឡើងក្នុងគោលបំ ណងជំរុញសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។ APPF បានបង្កើតនៅឆ្នាំ១៩៩៣ នៅ ក្នុងប្រទេសជប៉ុន បច្ចុប្បន្នមានសមាជិកចំនួន ២៧ប្រទេស។

កិច្ចប្រជុំវេទិកាសភា តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺជាវេទិកាតំបន់មួយប្រកបដោយថាមពល ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ឱកាសសម្រាប់សមាជិកសភាតំបន់មកជួបជុំគ្នា ដើម្បីកំណត់ និងពិភាក្សា លើបញ្ហាមួយចំនួន នឹងនាំយកបញ្ហាទាំងនោះទៅពិភាក្សា​​ក្នុងបរិបទសកល ។  ប្រធានបទ នៃវេទិកាស្តីពី «ការពង្រឹងភាពជាដៃគូរ ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» នឹងឆ្លុះ បញ្ចាំងអំពីនិន្នាការនៃការអភិវឌ្ឍ​ទំនាក់ទំនងអន្តរជាតិ ការទូតសភា និងការចង្អុលបង្ហាញការដឹកនាំពិភាក្សារបស់យើង ដើម្បីឆ្ពោះទៅរកការចេញសេចក្តីថ្លែងការរួមមួយ ដែលគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សមាជិក នៃវេទិកាតំបន់ទាំងអស់ ដើម្បីលើក កម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធ៌ម និងនៅក្នុងតំបន់ ដើម្បីសម្រេចឲ្យបាននូវសន្តិ​​ភាព សន្តិសុខ និង ការអភិវឌ្ឍប្រកបដោយចីរភាព៕