ប្រជាពលរដ្ឋដែលតវ៉ាទាមទារដីនៅស្រុកស្នួលកន្លងមកនឹងទទួលបានដីសម្បទានសង្គមកិច្ច

AKP ក្រចេះ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ -ប្រជាពលរដ្ឋចំនួន ៤១០គ្រួសារ ដែលតែងតែទាមទារ​យ៉ាងទទូចនូវដីដែលពួកគាត់តាំងទីជម្រកបណ្តោះអាសន្នក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់កន្លងមកនោះ នឹងទទួលបានដីសម្បទានសង្គមកិច្ច ដែលអាជ្ញាធរត្រៀមនឹងប្រគល់ជូនក្នុងពេល  ឆាប់ៗខាងមុខនេះ ដែលត្រូវបានផ្សព្វផ្សាយកាលពីរសៀលថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ។

លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ បានឱ្យដឹងថា ដើម្បីដោះស្រាយ និងបញ្ចប់ការតវ៉ាបញ្ហាដីធ្លីដែលមានកន្លងមក អាជ្ញាធរខេត្តបានត្រៀមដីសម្បទានសង្គមកិច្ច សម្រាប់  ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រទទួលបានដីសម្បទានសង្គមកិច្ច នៅស្រុកស្នួល ខេត្តក្រចេះ ចំនួន ៤១០គ្រួសារ លើផ្ទៃដី ២.៤០០ហិកតា។ លោក អភិបាលរងខេត្តបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពល រដ្ឋ តាមរយៈការផ្តល់នូវដីកម្មសិទ្ធិស្របច្បាប់ ដើម្បីសង់លំនៅឋាន និងដីបង្កបង្កើនផលដើម្បី បញ្ចៀសទំនាស់ដីធ្លីពីការគ្មានដីកម្មសិទ្ធិ ។

លោក ខ័ណ្ឌ ចំណាន ក៏បានបង្ហាញពីដីសម្បទានសង្គមកិច្ច ដែលត្រៀមសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រទទួលបានដី ក្នុងចំណុចដីសម្បទានសេដ្ឋកិច្ច ក្រុម ហ៊ុនចម្ការកៅស៊ូមេមត់ ចំនួន២ទីតាំងដែលនឹងត្រូវផ្តល់ជូន បន្ទាប់ពីមន្ត្រីជំនាញ និងអាជ្ញាធរចុះសិក្សាវាយតម្លៃ ពីជីវភាពរស់នៅជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដើម្បីទទួលបានដីសម្បទានសង្គមកិច្ចស្របច្បាប់ ៕

​ដោយជួន សុជាតិ