ប្រជាពលរដ្ឋ មន្ត្រីរាជការនៅខេត្តបាត់ដំបង ប្រារពខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា

AKP ខេត្តបាត់ដំបង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ -ប្រជាពលរដ្ឋ និង មន្ត្រីរាជការជាង ៦.០០០នាក់ មកពីគ្រប់ស្ថាប័នទាំង ១៤ស្រុក ក្រុង បានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩ – ៧ មករា ២០១៩) ដែលធ្វើឡើងនៅថ្ងៃចន្ទ ៩កើត ខែបុស្ស ​ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅទីធ្លាសួនច្បារនាគបាញ់ទឹក ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ក្នុងពិធីនេះដែរ ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានគូសបញ្ជាក់ថា ដោយឆ្លងកាត់រយៈពេល៤០ឆ្នាំបន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ប្រជាជនមួយដែលរងការសម្លាប់រង្គាល កម្លាំងជាតិមួយដែលត្រូវខ្សោះខ្សោយ រីងស្ងួតហួតហែង ត្រូវបានងើបឈរឡើងវិញយ៉ាងរឹងប៉ឹង និងស្រស់បំព្រង ប្រកបដោយមោទនភាពខ្ពស់បំផុត ក្រោមកម្លាំងមហាសាមគ្គីរបស់ប្រជាជនជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម បានបន្តថា មហាជ័យជម្នះ ៧មករា ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅដែលបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបានបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និង បានធ្វើឱ្យតម្លៃទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជាតិខ្មែរដែលបានពូនជ្រុំអស់រយៈកាលយូរលង់មកហើយនៃប្រវត្តិសាស្ត្ររបស់ខ្លួន មានទាំងកេរដំណែលវប្បធម៌ អរិយធម៌ អង្គរដ៏រុងរឿងបានរស់ឡើងវិញ និងបន្តការរីកចម្រើនឥតឈប់ឈរ ។ ដូចនេះយើងត្រូវរួមសាមគ្គីគ្នាអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។

ដោយចងចាំជានិច្ច មហាគុណូបការៈនៃជ័យជម្នះ ៧មករា ដែលបានសង្គ្រោះជាតិ និងប្រជាជនឱ្យមានជីវិតរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត អង្គមិទ្ទីងទាំងមូលបានប្តេជ្ញាការពារសមិទ្ធផលសង្គមជាតិ និងរាំងស្កាត់ដាច់ខាត ការប៉ុនប៉ងបង្កអស្ថិរភាព

សង្គម និង ចងចាំជានិច្ចមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលពួកមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យបានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា  ហើយចៀសវាងកុំឱ្យមាន ដំណើរសារដើមនៃប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលធ្លាប់មានពីអតីតកាល ត្រូវរួមគ្នាការពារឱ្យបានគង់វង្សជារៀងរហូត នូវសន្តិសុខ និងការអភិវឌ្ឍនៃសង្គមជាតិយើង ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្ត)