ប្រធាន ACC ថា ការពង្រឹងសុខដុមរមនាខាងសាសនាជាចំណុចសំខាន់ការតភ្ជាប់វប្បធម៌

វិទ្យុជាតិកម្ពុជា៖ ដោយលោកវ៉ាង ភក្តី

សៀមរាប៖ លោកជំទាវ ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា ACC បានលើកឡើងថា ការតភ្ជាប់គ្នារវាងវប្បធម៌ ពិតជាមានសារៈសំខាន់ខ្លាំង ក្នុងការជំរុញ​​ទំនាក់ទំនងអន្តរជាតិ និងសហគមន៍ ពិសេសការបង្កើតនូវសិល្បៈកម្មថី្មៗ តាមរយៈទំនាក់​​ទំនង​អន្តរវប្បធម៌។ ជាមួយគ្នានេះ ការពង្រឹងសុខដុមរមនាខាងសាសនា គឺជាចំណុចសំខាន់មួយទៀតនៃវប្បធម៍ ។

ថ្លែងក្នុងពិធីប្រកាសបើកជាផ្លូវការនូវក្រុមប្រឹក្សាវប្បធម៌អាស៊ី នាខេត្តសៀមរាប ព្រឹកថ្ងៃទី១៥ ខែមករានេះ លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា ដែលមានតួនាទីជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP និងជាសហប្រធាននៃវេទិកានយោបាយអាស៊ី-អឺរ៉ុប (AEPF)ផងនោះ បានបញ្ជាក់ថា ជម្លោះនាពេលបច្ចុប្បន្ន ដូចជា ជម្លោះនៅមជ្ឈឹមបូព៌ា មីយ៉ាន់ម៉ា និងតំបន់ផ្សេងៗទៀតនៅទ្វីបអាស៊ី គឺមួយផ្នែកបណ្តាលមកពីហេតុផលសាសនា។ លោកជំទាវ មានប្រសាសន៍ថា «សុខដុមរមនាខាងសាសនា គឺជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព វឌ្ឍនភាព និងវិបុលភាព នៅក្នុងទ្វីបអាស៊ីមួយដែលមានពហុសាសនា»។ លោកជំទាវបន្តថា ACCឲ្យតម្លៃខ្ពស់លើការលើកកម្ពស់កិច្ចប្រឹងប្រែងពង្រឹងការសន្ទនាអន្តរជំនឿ ការបង្កើតនូវចំនុចប្រសព្វ និងបណ្តុះឲ្យមានការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក ក្នុងចំណោមជំនឿផ្សេងៗគ្នា។ ជាមួយគ្នានេះ ការផ្ទេរវប្បធម៌ដល់មនុស្សជំនាន់ក្រោយ ក៏ជាកត្តាចាំបាច់សម្រាប់ការវិវត្តរបស់មនុស្សជាតិ។ លោកជំទាវ សង្ឃឹមថា ACC នឹងចូលរួមក្នុងកិច្ចអភិវឌ្ឍ និងការប្រើប្រាស់វិទ្យាសាស្ត្រ ការច្នៃប្រឌិត និងបញ្ញាសិប្បនិម្មិត នៅក្នុងការអប់រំ និងផ្សព្វផ្សាយវប្បធម៌ រួមគ្នាជាមួយការថែរក្សានូវបេតិកភណ្ឌវប្បធម៌។ «ការកសាងសាមគ្គីភាពក្នុងភាពសម្បូរបែប គឺមានសារៈសំខាន់បំផុតចំពោះសន្តិភាពនិងការអភិវឌ្ឍន៍ ខណៈទ្វីបអាស៊ី គឺជាទីកន្លែងដែលមានវប្បធម៌ និងប្រពៃណីខុសៗគ្នា ការលើកកម្ពស់ការយល់ដឹងអន្តរវប្បធម៌ និងការអត់ឱនឲ្យគ្នាទៅវិញទៅមក គឺជាកត្តាចាំបាច់បំផុតសម្រាប់សាមគ្គីភាព ការរួមរស់ដោយសន្តិភាព និងការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ»

ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ចិន  នេប៉ាល់ និងរុស្ស៊ី  ហើយកិច្ចព្រមព្រៀងភាពជាដៃគូជាប្រវត្តិសាស្ត្រសម្រាប់ ICAPP និងបណ្តាគណបក្សនយោបាយនៅអាស៊ី ក្នុងការចូលរួមលើកកម្ពស់ការតភ្ជាប់វប្បធម៌ និងសង្គមរវាងទ្វីបអឺរ៉ុប និងអាស៊ី ដើម្បីជាប្រយោជន៍ដល់ការរក្សាសន្តិភាព ការអភិវឌ្ឍ ការគ្រប់គ្រងបម្រែបម្រួលធាតុ ជំនួយមនុស្សធម៌ ការជួយសង្គ្រោះប្រជាជនក្នុងគ្រោះមហន្តរាយ  និងការតភ្ជាប់ទំនងទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម៕