មន្រ្តីជំនាញអគ្គនាយកដ្ឋានកាំកុងត្រូលចុះពិនិត្យបរិមាណនិងគុណភាពប្រេងឥន្ទនៈ នៅតាមស្ថានីយមួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ -មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម សហការជាមួយសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង មន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយប្រេងឥន្ធនៈ មួយចំនួននៅក្នុងខេត្ត ដើម្បីពិនិត្យមើលអំពីបរិមាណលីត្រ និង គុណភាពប្រេងឥន្ធនៈ ដែលម្ចាស់ស្ថានីយប្រេងឥន្ទនៈនៅក្នុងខេត្តកំពង់ឆ្នាំង បាននិងកំពុងលក់ជូនអតិថិជន ។

លោក យីវ ណារិន ប្រធានសាខាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កន្លងមកនៅខេត្តកំពង់ឆ្នាំង មន្រ្តីជំនាញរបស់សាខាកាំកុងត្រូលខេត្ត បានចុះអប់រំណែនាំដល់ម្ចាស់ស្ថានីយប្រេងឥន្ទនៈនានានៅក្នុងខេត្តឱ្យចូលរួមអនុវត្តន៍ច្បាប់ទាំងអស់គ្នា ក្នុងការលក់ប្រេងឥន្ទនៈជូនប្រជាពលរដ្ឋ គឺមិនត្រូវកេងបន្លំទាំងបរិមាណ និង គុណភាពនោះទេ ចំពោះតម្លៃត្រូវលក់តាមការកំណត់ថ្លៃរបស់ក្រសួងពាណិជ្ជកម្មដែលប្រកាសឱ្យលក់ ។

លោក ងួន សុមល្លីវង្ស អនុប្រធាននាយកដ្ឋានកិច្ចការ ការពារអ្នកប្រើប្រាស់ និងបង្រ្កាប ការក្លែងបន្លំ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានឱ្យបញ្ជាក់ថា រយៈពេលពេញ១ថ្ងៃ ស្ថានីយប្រេងឥន្ធនៈចំនួន៤កន្លែង ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានមន្រ្តីជំនាញរកឃើញថា ស្ថានីយឥន្ធនៈទាំងបួនកន្លែងនេះ មាន២កន្លែងខុសទាំងបរិមាណ និង គុណភាព ចំណែក២កន្លែងផ្សេងទៀត មួយកន្លែងខុសបរិមាណតិចតួច និងមួយកន្លែងទៀតគុណភាពបន្តិច ដែលស្ថានីយទាំង៤កន្លែងនេះ មានភាពមិនប្រក្រតីតិចតួច អាចកែតម្រូវបានតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ។

លោកអនុប្រធាននាយកដ្ឋានបានឱ្យដឹងទៀតថា ជានិច្ចកាលក្រុមការងារត្រួតពិនិត្យ ប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឱ្យបានគ្រប់ស្ថានីយទាំងអស់នៅទូទាំងកម្ពុជា ហើយក៏អំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន ឬដេប៉ូណាដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈ មិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឱ្យបានសមស្របឡើងវិញ៕ ​

ដោយ សោម ឫទ្ធី