សម្តេចពញាចក្រី ហេង សំរិន ថា APPF ស្ថិតក្រោមដំបូលគ្រួសារតែមួយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៧ បានលើកឡើងថា សមាជិកនៃវេទិកា APPF ដំណើរការក្រោមដំបូលនៃគ្រួសារតែមួយ ដែលជំរុញសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាពនៅក្នុងតំបន់។


ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកា APPF លើកទី២៧ នាសណ្ឋាគារសុខាអង្គរសៀមរាប ព្រឹថ្ងៃទី១៤ ខែមករានេះ សម្តេចពញាចក្រី ហេង សំរិន បានសម្តែងការស្វាគមន៍ចំពោះថ្នាក់ដឹកនាំ និងគណៈប្រតិភូតំណាងប្រទេសសមាជិក ដែលបានចូលរួម វេទិកា APPF ដែលកម្ពុជារៀបចំឡើងនៅលើទឹកដីអង្គរដ៏បវរនេះ។


សម្តេចពញាចក្រី មានប្រសាសន៍ថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃវេទិកា APPF លើកនេះ ធ្វើឡើងដើម្បីសម្រេចការងារសំខាន់ៗមួយចំនួនរបស់ APPFប្រចំាឆ្នាំ លើកទី២៧ ដែលនឹងប្រារព្ធពិធីបើកជាផ្លូវការនៅថ្ងៃទី១៥ ខែមករាស្អែកនេះ ដែលមានសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤៣ របស់ប្រទេសសមាជិកបញ្ជូនមក ដើម្បីសុំការអនុម័តក្នុងអាណត្តិកម្ពុជាធ្វើជាប្រធាន។
សម្តេចពញាចក្រី ហេង សំរិន បានបន្តថា គណៈកម្មាធិការប្រតិបត្តិរបស់APPFនៅក្នុងតំណែងបច្ចុប្បន្ន មានសភាកម្ពុជា សភាជប៉ុន និងសភាប្រទេសអូស្ត្រាលីដែលទទួលរៀបចំប្រជុំAPPFបន្ទាប់ពីកម្ពុជា។ ក្រៅពីនោះមានសភាតំណាងអនុតំបន់ទាំងបួនមានជាអាទិ៍៖ អនុតំបន់អាស៊ីភាគឦសានមានសភាប្រទេសម៉ុងហ្គោលី និងសភារុស្ស៊ី, អនុតំបន់អាស៊ីមានសភាប្រទេសឥណ្ឌូនេស៊ី និងសភាឡាវ, អនុតំបន់អូសេអានីមានសភាប្រទេសអូស្ត្រាលី និងសភាហ្វីជី, និងអនុតំបន់អាមេរិកមានសភាប្រទេសកាណាដា និងសភាឈីលី។
វេទិកាAPPFដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺក្រោមមូលបទស្តីពី «ពង្រឹងភាពជាដៃគូសភា ដើម្បី សន្តិភាព សន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព» ដោយមានប្រទេសជាសមាជិកចំនួន២១ប្រទេស ចូលរួមបូកទាំងកម្ពុជា ក្នុងនោះមាន ប្រទេសចិន អូស្ត្រាលី ឡាវ សហព័ន្ធរុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ុងហ្គោលី ណូវ៉ែលហ្សឺឡង់ ម៉ិចស៊ីកូ ជប៉ុន ថៃ កូរ៉េខាងត្បូង ឈីលី ប៉ាពួញូហ្គីនៀ សិង្ហបូរី ជាដើម ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរបស់សភា ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ការកសាងទំនុកចិត្ត ការជំរុញឲ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់ និងការលើកកម្ពស់តួនាទីស្ត្រីក្នុងស្ថាប័នសភា ជាដើម។
វេទិកាAPPF ត្រូវបានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ហើយ បច្ចុប្បន្ន មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ ចំណែកសភាកម្ពុជា បាន ចូលជា សមាជិក ពេញ សិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥ ដើម្បីចូលរួមស្វែងសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕