ប៉ះទង្គិចគ្នាស្លាប់១៦នាក់ ដែលរួមមានបុគ្គលិកសន្តិសុខ៧នាក់ផងនៅអាហ្វហ្គានីស្ថាន  

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា  ឆ្នាំ២០១៩ — មន្ត្រីក្នុងស្រុកម្នាក់បាននិយាយថា មនុស្សយ៉ាងហោចណាស់១៦នាក់ ដែលរួមមានទាំងពួកឧទ្ទាម ៩នាក់ និងបុគ្គលិកសន្តិសុខ៧នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាមួយ រវាងកងកម្លាំងសន្តិសុខអាហ្វហ្គានិស្ថាន និងពួកតាលីបង់នៅក្នុងខេត្ត Jawzian ភាគខាងជើងកាលពីថ្ងៃអាទិត្យ ។

អភិបាលស្រុក លោក ហ្គូឡាម សាឃី ស៊ូផានី បាននិយាយថា ការប៉ះទង្គិចគ្នានេះបានផ្ទុះឡើង កាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងស្រុក Aqcha នៅពេលដែលពួកសកម្មប្រយុទ្ធតាលីបង់បានវាយសម្រុកចំណុចឆែកឆេរមួយនៅលើផ្លូវដែលភ្ជាប់ Jawzian ទៅកាន់ខេត្ត Balkh ដែលនៅជិតខាង ។

លោកបានព្រមានថា បើកម្លាំងបន្ថែមមិនបានទៅដល់ទេនោះ ពួកសកម្មប្រយុទ្ធនឹងដាក់រំសេវឱ្យផ្ទុះស្ពានយ៉ាងសំខាន់មួយ ដែលភ្ជាប់ Jawzian  ជាមួយខេត្ត Balkh និងខេត្ត SARi Pul ។  ពួកសកម្មប្រយុទ្ធតាលីបង់មិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ ស្តីពីការប៉ះទង្គិចគ្នានេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)