ជនប្រដាប់អាវុធបាញ់សម្លាប់ភ្នាក់ងារប៉ូលីសម្នាក់នៅថៃភាគខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ — ប៉ូលិសបាននិយាយថា ភ្នាក់ងារប៉ូលិសម្នាក់ស្លាប់នៅពេលដែលជនប្រដាប់អាវុធម្នាក់ដែលគេមិនស្គាល់បានធ្វើការបាញ់ប្រហារទៅលើស្ថានីយប៉ូលិសមួយក្នុងប្រទេសថៃភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ។

តាមមេបញ្ជាការប៉ូលិសថ្នាក់ខេត្ត ឧត្តមសេនិយទោលោក ពីយ៉ាវ៉ាត ចាឡឺម ស្រ៊ី ឱ្យដឹងថា ពលបាល ចាឡឹម ផូល ខុនខាម ត្រូវបានគេប្រកាសថា ស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីលោកត្រូវបានបាញ់ដោយជនប្រដាប់អាវុធ ដែលស្ថិតនៅក្នុងចំណោមបុរស ៦នាក់ដែលជិះនៅទោចក្រយានយន្តនៅខាងក្រៅស្ថានីយប៉ូលិស ណាប្រាឌូ ក្នុងស្រុកកុកផូ នៃខេត្តប៉ាតានី  ។

ឧត្តមសេនិយប៉ូលិសនេះបាននិយាយថា  ការវាយប្រហារនេះ គេជឿថា ត្រូវបានគេធ្វើឡើង ធ្វើជាការសងសឹកមួយបន្ទាប់ពីព្រឹត្តិការណ៍កាលពីថ្ងៃសៅរ៍ ដែលក្នុងព្រឹត្តិការណ៍នោះជនប្រដាប់អាវុធ ២នាក់ ត្រូវបានប៉ូលិសនៅ ប៉ាតានីបាញ់សម្លាប់ ។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅឆ្មាំសន្តិសុខ ៤នាក់ត្រូវបានបាញ់ដោយពួកជនប្រដាប់អាវុធមួយក្រុមនៅឯសាលារៀនមួយ ក្នុងខេត្តដដែលនេះ ។  ពួកអ្នកស្ម័គ្រចិត្តការពារ​៣នាក់បានស្លាប់ នៅឯកន្លែងនោះ ដោយឡែកម្នាក់ទៀតដែលនៅសល់ត្រូវបានគេប្រកាសថា ស្លាប់នៅឯមន្ទីរពេទ្យ ។

ពួកអាជ្ញាធរសង្ស័យថា សមាជិកក្រុមបំបែកខ្លួន Barisan Revolusi Nasional  ឬរណសិរ្សបដិវត្តន៍ ជាតិ បានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើពួកនិយោជិករដ្ឋាភិបាលនៅខាងត្បូងនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )