វេទិកាACC នៅសៀមរាបលើកយកប្រធានបទ៤សម្រាប់ភ្ជាប់វប្បធម៌ និងការអភិវឌ្ឍដោយចីរភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖


វេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា ACC ដែលកម្ពុជារៀបចំទទួលធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំនៅលើទឹកដីអង្គរ ខេត្តសៀមរាប ពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩នេះ បានសម្រេច យកប្រធានបទសំខាន់ៗចំនួន៤ សម្រាប់ឲ្យវាគ្មិនជាតិ និងអន្តរជាតិ ចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូល សំដៅតភ្ជាប់រវាងវប្បធម៌ និងការអភិវឌ្ឍដោយចីរភាពនៅក្នុងតំបន់។


ប្រធានបទទាំងនោះមានដូចជា៖ ១. ការលេចឡើងនូវពិភពលោកមួយទស្សនៈទានចម្រុះ និងអត្តសញ្ញាណអាស៊ី ២.ការតភ្ជាប់រវាងវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព ៣. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្សារភ្ជាប់រវាងអរិយធម៌ និង៤.ការកសាងសហគមន៍មួយសម្រាប់ជោគវាសនាតែមួយនៅអាស៊ី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅថ្ងៃទី១៤ ខែមករានេះ បានបញ្ជាក់ថា គោលបំណងរបស់ACC គឺដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមបណ្តាប្រទេសជាសមាជិក លើកកម្ពស់សាមគ្គីភាពក្នុងភាពសម្បូរបែប លើកកម្ពស់ សម្បត្តិវប្បធម៌ជាប្រភពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហការអន្តរជាតិ និងការផ្សារភ្ជាប់អារ្យធម៌ និងកសាងនូវទ្វីបអាស៊ីមួយប្រកបដោយភាពសុខុដុម។


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដំបូងបង្អស់របស់ACC នៅថ្ងៃទី១៥ ខែមករានេះ នៅសណ្ឋាគារ និងសាលសន្និសីទសុខា ខេត្តសៀមរាប ជាមួយនឹងវត្តមានរបស់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពី២៦ប្រទេសទូទាំងទ្វីបអាស៊ី បន្ទាប់ពីក្រុមប្រឹក្សានេះត្រូវបានបង្កើតកាលពីឆ្នាំមុន។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ដែលប្រធានស្ថាបនិកកិត្តិយសនៃACC នឹងថ្លែងចំណាប់អារម្មណ៍នៅល្ងាចថ្ងៃទី១៥ ខែមករា ដើម្បីប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ ហើយបន្ទាប់មកសម្តេចនឹងអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍នៅទីលានជល់ដំរី នៃប្រាសាទបាយ័ន ដោយមានវត្តមានភ្ញៀវជាង៨០០នាក់ មកពីស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិជាតិ និងអន្តរជាតិ។ អ្នកចូលរួមបូកបញ្ចូលទាំងភ្ញៀវដែលកំពុងមានវត្តមានក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពី «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព» ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា នៅលើទឹកដីខេត្តសៀមរាប។
សិល្បករ សិល្បការិនី ប្រមាណ២៧០នាក់ មកពី៩ប្រទេស រួមទាំងសិល្បករ សិល្បការិនីកម្ពុជាចំនួន១៦៥នាក់ផង នឹងសម្តែងសិល្បៈចម្រុះជាតិសាសន៍ នៅក្នុងពិធីលៀងសាយភោជន៍ ដើម្បីអបអរសាទរពិធីប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីនៅកម្ពុជានេះ។
នៅថ្ងៃទី១៦ ខែមករា គណៈប្រតិភូនឹងត្រូវអញ្ជើញទៅទស្សនានៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិផងដែរ។
ACC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយអង្គការសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី(ICAPP) ដែលមានតំណាងគណបក្សនយោបាយជាង៣៥០ មកពី៥២ ប្រទេសក្នុងតំបន់។ ក្រុមប្រឹក្សានេះ ត្រូវបានទទួលស្គាល់បន្ទាប់ពីកិច្ចព្រមព្រៀងត្រីភាគី រវាងអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ របស់អង្គការសហប្រជាជាតិ(UNESCO) អង្គការ ICAPP និង ACC កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប។
ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៊ី ត្រូវបានប្រគល់តួនាទីឱ្យរៀបចំឯកសារគោល សម្រាប់ក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) ស្របតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំ លើកទី២៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ២០១៦៕
វ៉ាង ភក្តី ១៤ ០១ ២០១៨