សម្ដេចតេជោនាយករដ្ឋមន្ត្រី បើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ មានតម្លៃសរុបប្រមាណ ២៧៣លានដុល្លារសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ -គម្រោងសាងសង់ផ្លូវក្រវាត់ខ្សែទី៣ ដែលចំណាយថវិកាសរុបប្រមាណ ២៧៣​លាន​ដុ​ល្លា​រ​សហរដ្ឋអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា​មានិត​ចិ​ន មានប្រវែងសរុប ៥២,៩៨៣គីឡូម៉ែត្រ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ នាព្រឹក​ថ្ងៃ​ចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ នៅ​សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន   បា​ន​ឱ្យដឹងថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ស្ថិតនៅ​ក្នុង​​ភូមិ​សា​ស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល មានប្រវែងសរុប៥២,៩៨៣គីឡូម៉ែត្រ ក្នុង​នោះ​ឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញប្រវែង ១៥,៤២៤គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្ត្រ​ខេ​ត្ត​កណ្ដាលប្រវែង ៣៧,៥៥៩គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្ដើមពីគីឡូម៉ែត្រ១៤+១០៥​នៃផ្លូវ​ជា​​តិលេខ៤ និងចំណុចនៃចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។ ជាមួយ​នឹង​គម្រោង​សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ក៏មានការសាងសង់ស្ពានអាកាសឆ្លង​កាត់ចំនួន៤​​កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១.០០០ម៉ែត្រ។ សា​ង​សង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ២កន្លែង ត្រង់កោះអន្លង់ចិនប្រវែងសរុប ៩៩៦ម៉ែត្រ​(ក្នុង​នោះ​ស្ពានបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច​ប្រវែង​៣៦៦ម៉ែត្រ)។ សាង​សង់ស្ពានមធ្យម និងខ្លីចំនួន៦កន្លែង និងលូគ្រប់ប្រភេទ ១១៣​កន្លែង។ ឯកឧត្ដម​បា​នបន្ដ​ទៀតថា គម្រោងនេះចំណាយថវិកាសរុបប្រមាណ ២៧៣លាន ដុល្លារអា​ម៉េ​រិ​ក​ ដែលជា​ហិរញ្ញ​ប្បទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ហើយរាជរដ្ឋា​ភិ​បា​លកម្ពុជា​ចូល​​រួមថវិកាបដិភាគ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការ បោសសម្អាតមីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ។ ការសាងសង់នេះ គឺត្រូវអនុវត្តន៍​ដោ​យក្រុម​ហ៊ុន​សំ​ណ​ង់​​សៀងហៃគ្រុប ខូអិលធីឌី និងត្រួតពិនិត្យបច្ចេកទេស សាងសង់ ដោយក្រមហ៊ុន​ទី​ប្រឹ​ក្សា​បច្ចេ​ក​ទេ​សក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាង​សង់ចំនួន ៤២ខែ ចាប់ផ្ដើមពី​ខែធ្នូ​ឆ្នាំ​២០១៨ និង​​បញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។ ឯកឧត្ដម​ទេ​ស​រដ្ឋ​មន្ត្រីថ្លែងទៀតថា គម្រោងសាងសង់ផ្លូវក្រវាត់​ក្រុ​ង​ខ្សែ​ទី៣នេះ ក៏តភ្ជាប់ផងដែរទៅនឹងផ្លូវទំនប់​កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះ ឈ្នះ​និងមហាវិថីឈ្នះ ឈ្នះ និងផ្លូវជាតិ លេខ៦ ដែលនឹងប្រែក្លាយទៅ​ជាផ្លូវក្រវាត់​ក្រុងដ៏ធំ និង​ទំ​នើបមួយ បម្រើឱ្យជាផ្លូវដឹកជញ្ជូន វាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវ​ជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រម​ទាំង​កោះអន្លង់ចិន និងតភ្ជាប់ ទៅផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណតផែកុងតេន័រថ្មី​របស់​កំ​ពង់ផែស្វយ័ត ភ្នំពេញ នៅ ស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការ​តភ្ជាប់ផ្លូវអាស៊ាន​ហា​យ​​វ៉េ(AH1 និងAH11) និងផ្លូវ របៀងសំខាន់ៗ (របៀងកណ្ដាល និងរបៀងសេដ្ឋកិច្ច​ភាគ​ខាង​ត្បូង)​ របស់មហាអនុតំបន់ មេគង្គ។ ជាងនេះទៀត ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺផ្លូវដ៏សំខាន់​មួយ​ជួ​យ​​​កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ដែលធ្លាប់មានកន្លងមក និងជួយសម្រួល​ដ​ល់​​​ការធ្វើដំណើរ និង ចរាចរណ៍ក្នុងរាជធានីភ្នំពេញបន្ថែមទៀត។ ការសាងសង់ផ្លូវក្រវាត់ក្រុង​ខ្សែ​​ទី​៣​នេះ គឺជាការ តភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់  រួមចំណែកក្នុងការសម្រួល​ការ​ដឹ​ក​ជ​ញ្ជូនឆ្លងកាត់ ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដី​ដែ​ល​នៅសង ខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និ​ង​​ឧស្សាហ កម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា ៕

 

ដោយ ជឹម ណារី