វេទិកាសភាAPPFចាប់ផ្តើមបើកកិច្ចប្រជុំគណកម្មការប្រតិបត្តិមុននឹងឈានទៅបើកកិច្ចប្រជុំរួមជាផ្លូវការនៅថ្ងៃស្អែក

វិទ្យុជាតិកម្ពុជា៖ដោយលោកចេម ហួត និងលោក វ៉ាងភក្តី
សៀមរាប៖ កិច្ចជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ ហៅកាត់ថា APPFបានចាប់ផ្តើមបើកកិច្ចប្រជុំគណៈកម្មការប្រតិបត្តិមុននឹងឈានទៅបើកកិច្ចប្រជុំជាផ្លូវការនៅថ្ងៃទី១៥ខែមករាស្អែកនេះ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗដែលមានប្រយោជន៍ក្នុងតំបន់ និងលើពិភពលោក។
កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចសភាថ្នាក់តំបន់នេះ ចាប់ពីថ្ងៃទី១៤ ដល់ទី១៧ខែមករា ឆ្នាំ២០១៩នៅលើទឹកដីអង្គរខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំសភាមកពីបណ្តាប្រទេសជាសមាជិកចំនួន២១នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនពេលបើកកិច្ចប្រជុំគណកម្មការប្រតិបត្តិកិច្ចជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ នាសណ្ឋាគារសុខាអង្គរនៅព្រឹថ្ងៃទី១៤ ខែមករានេះ ឯកឧត្តម ឈាង វុនសមាជិករដ្ឋសភាកម្ពុជា ទទួល បន្ទុកកិច្ចការឃោសនាការ ព័ត៌មាន និងកិច្ចសហប្រតិបត្តិអន្តរជាតិបានមានប្រសាសន៍ថា វេទិកានេះ ធ្វើឡើងក្រោមមូលបទស្តីពី «ពង្រឹងភាពជាដៃគូសភា ដើម្បី សន្តិភាព សន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព» សំដៅពង្រឹងកិច្ចសហប្រតិបត្តិ ការរបស់សភា ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាប្រកបដោយការទទួលខុសត្រូវ ដើម្បីវឌ្ឍនភាពសង្គម។
ឯកឧត្តមបានឲ្យដឹងថា កិច្ចប្រជុំនេះ មានប្រទេសជាសមាជិកចំនួន២១ប្រទេស ចូលរួមបូកទាំងកម្ពុជាក្នុងនោះមាន ប្រទេសចិន អូស្ត្រាលី ឡាវ សហព័ន្ធរុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ុងហ្គោលី ណូវ៉ែលហ្សឺឡង់ ម៉ិចស៊ីកូ ជប៉ុន ថៃ កូរ៉េខាងត្បូង ឈីលី ប៉ាពួញូហ្គីនៀ និងប្រទេសសិង្ហបូរីជាដើម។
ឯកឧត្តមបញ្ជាក់ថា ប្រទេសជាមាជិកទាំងអស់បានបញ្ជូនសេចក្តីព្រាងសេចក្តីសម្រេច ពាក់ព័ន្ធនឹងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ការកសាងទំនុកចិត្ត ដើម្បីជំរុញឲ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់ និងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យសភា។
សំឡេង៖ សារសំខាន់….
ដោយឡែកពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ជាផ្លូវការ គឺប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៥ ខែមករា ក្រោមការស្វាគមន៍ដោយព្រះរាជសាររបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថនរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមថ្លែងសន្ទរកថា គន្លឹះ ពី ថ្នាក់ដឹកនាំស្ថាប័នកំពូល កំពូលៗរបស់កម្ពុជាមានដូចជា៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងតំណាងសភាប្រទេសជាសមាជិក នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិមុនពេលសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រកាសបើកជាផ្លូវការ។
សូមបញ្ជាក់ថា វេទិកាAPPF ត្រូវបានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ហើយ បច្ចុប្បន្ន មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ ចំណែកសភាកម្ពុជា បាន ចូលជា សមាជិក ពេញ សិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥ ដើម្បីចូលរួម ស្វែងសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕