ការបដិបត្តិព្រះធម៌ធ្វើធុតង្គ ដើរឆ្ពោះទៅរកការរំលត់ទុក្ខអស់រយៈពេល៦ថ្ងៃមក ដើម្បីឱ្យព្រះ​សង្ឃមានចិត្តជ្រះថ្លា និងរំលត់បាននូវសេចក្តីទុក្ខ

AKP សៀមរាប ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ — សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមាន​ព្រះរាជបន្ទូលថា ការបដិបត្តិព្រះធម៌ ធ្វើធុតង្គរយៈពេល០៦ថ្ងៃមកនេះ បានធ្វើឱ្យព្រះសង្ឃ ដែល​មានវ័យក្មេង បានស្គាល់ពីសេចក្តីទុក្ខ និងចេះរំលត់បាននូវសេចក្តីទុក្ខទាំងឡាយធ្វើចិត្ត​ជ្រះ​ថ្លា ដែលជាការរួមចំណែកធ្វើឱ្យប្រទេសមានសន្តិភាព។

នៅក្នុងពិធីបិទការបដិបត្តិ​ព្រះធម៌ធ្វើធុតង្គ ដើរឆ្ពោះទៅរកការរំលត់ទុក្ខ នៅបរិវេណវត្ត​ប្រាសាទ​ព្រះវិហារប្រាំពីរល្វែង ជិតទីលានជល់ដំរីខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមករា​ ឆ្នាំ២០១៩នេះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះ​មហា​សង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះ​រាជ​បន្ទូលថា នៅក្នុងព្រះពុទ្ធសាសនា ព្រះធម៌ និងព្រះវិន័យ គឺមានសារៈសំខាន់ណាស់​សម្រាប់​អប់រំព្រះសង្ឃ និងប្រជាពលរដ្ឋដែលគោរពសាសនាព្រះពុទ្ធមានចិត្តជ្រះថ្លា និងធ្វើតែអំពើល្អ។

ព្រះអង្គមានព្រះរាជបន្ទូលបន្តថា សម្រាប់ការបដិបត្តិព្រះធម៌ធ្វើធុតង្គលើកពីនេះ គឺមានព្រះ​សង្ឃវ័យក្មេងជាច្រើនមកពីតាមបណ្តាវត្តនានានៅទូទាំងប្រទេសនិមន្តមកចូលរួម ធ្វើឱ្យព្រះ​សង្ឃវ័យក្មេងទាំងនេះស្គាល់ពីរទុក្ខ និងចេះរំលត់បាននូវសេចក្តីទុក្ខទំាងឡាយ​ដែលកើត​មានកន្លងមកធ្វើឱ្យចិត្តជ្រះថ្លា។ ព្រះអង្គមានព្រះរាជបន្ទូលបញ្ជាក់ទៀតថា  នៅក្នុងរយៈពេល​០៦ថ្ងៃមកនេះការបដិបត្តិព្រះធម៌ធ្វើធុតង្គ ដើរឆ្ពោះទៅរកការរំលត់ទុក្ខនេះ គឺព្រះសង្ឃ និង​យាយជីតាជីទំាងអស់ត្រូវនិមន្តបិណ្ឌបាតផ្លូវឆ្ងាយហើយត្រូវឆាន់ឆង្ហាន់តែមួយពេលប៉ុណ្ណោះ​ក្នុងមួយថ្ងៃ ហើយការឆាន់ឆង្ហាន់នេះ គឺត្រូវឆាន់ក្នុងបាត នៅតាមទីវាលតែម្តង នៅពេល​ឆានរួចសម្តេចព្រះរាជដឹកនំាសូត្រធម៌ តាំងសមាធិករំលត់ទុក្ខ ពេលយប់ត្រូវសឹងនៅក្នុងព្រៃ​រួមគ្នាទំាងអស់។

ព្រះអង្គមានព្រះរាជបន្ទូលបញ្ជាក់ទៀតថា  ការធ្វើព្រះសង្ឃមានចិត្តជ្រះថ្លា និងរំលត់​បាននូវសេចក្តីទុក្ខទំាងឡាយហើយនោះ ព្រះសង្ឃនឹងធ្វើការអប់រំដល់ប្រជាពលរដ្ឋឱ្យមាន​ចិត្តស្ងប់ និងជ្រះថ្លាបន្តទៀត ហើយការធ្វើឱ្យចិត្តប្រជាពលរដ្ឋស្ងប់ និងជ្រះថ្លានេះ នឹងរួម​ចំណែកធ្វើឱ្យប្រទេសយើងមានសន្តិភាពដោយសារតែមនុស្សមិនប្រើអំពើហឹង្សា។

ព្រះអង្គមានព្រះរាជបន្ទូលបន្ថែមថា ការធ្វើចិត្តឱ្យស្ងប់និង​រំលត់បាននូវសេចក្តីទុក្ខនេះ និង​ធ្វើ​ឱ្យមានចិត្តជ្រះថ្លា ត្រូវបាន​សម្តេចតេជោនាយរដ្ឋមន្រ្តី​ ហ៊ុន សែន ​​អនុវត្ត​ន៍កន្លង​មក​ដែលធ្វើ​ឱ្យប្រទេសមាន​សន្តិភាព​ ដោយសារតែមាន​ការឈ្នះ ឈ្នះទាំងអស់គ្នា ហើយប្រើសិនគ្មាន​សេចក្តី​ស្ងប់ ​និងចិត្តជ្រះថ្លានេះទេ គឺមិនអាចធ្វើ​ឱ្យប្រទេសមាន​សន្តិភាព​បាន​ឡើយ។

ជាមួយគ្នានេះដែរ ព្រះអង្គបានបន្ថែមទៀតថា នៅ​ក្នុង​ប្រទេសកម្ពុជាព្រះពុទ្ធសាសនា​ជាសាសនា​របស់រដ្ឋ និងបានរួម​ចំណែកជាច្រើនក្នុងការអភិវឌ្ឍប្រទេស និងធ្វើឱ្យប្រទេស​កម្ពុជាមានសន្តិភាព ដោយសារ​តែបានប្រៀនប្រដៅប្រជាពលរដ្ឋធ្វើឱ្យមានចិត្តជ្រះថ្លា និងធ្វើ​តែអំពើល្អ៕

ដោយ ឃុត សៅ