គណៈប្រតិភូបរទេសបានមកដល់កម្ពុជា ដើម្បីចូលរួមប្រជុំAPPFលើកទី២៧

វិទ្យុជាតិកម្ពុជា៖ដោយលោកវ៉ាង ភក្តី

សៀមរាប៖ គណៈប្រតិភូបរទេសបានមកដល់កម្ពុជា ដើម្បីចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៧ ដែលរៀបចំឡើងនៅលើទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមមូលបទស្តីពី «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព» សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរបស់សភា ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាប្រកបដោយការទទួលខុសត្រូវ ដើម្បីវឌ្ឍនភាពសង្គម។
គណៈប្រតិភូជាថ្នាក់ដឹកនាំព្រឹទ្ធសភារដ្ឋសភា នៃបណ្តាប្រទេសជាសមាជិកវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិក ដែលចូលរួមកិច្ចប្រជុំនេះ មានដូចជា៖ អូស្ត្រាលី ឡាវ សហព័ន្ធរុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន ហ្វីជី ម៉ុងហ្គោលី ណូវ៉ែលហ្សឺឡង់ ម៉ិចស៊ីកូ ជប៉ុន ថៃ កូរ៉េខាងត្បូង ឈីលី ប៉ាពួញូហ្គីនៀ សិង្ហបូរី ជាដើម។ ចំណែក គណៈប្រតិភូប្រទេសហ្វីលីពីន សុំលុបចោលមិនបានចូលរួមវិញ ដោយសារមានធុរៈចាំបាច់។
លេខាធិការដ្ឋាន នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានឲ្យដឹងថា កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នាពេលនេះ ត្រូវបែងចែកក្រុមការងារ ទទួលបន្ទុកតាមវិស័យចំនួន៤ មាន វិស័យសមាជិកសភាស្ត្រី វិស័យនយោបាយនិងសន្តិសុខ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីធ្វើការជ្រើសរើសប្រធានបទ សិក្សាស្រាវជ្រាវចងក្រងឯកសារ និងរៀបចំខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេចតាមវិស័យ នីមួយៗ បានរួចរាល់អស់ហើយ។
បើតាមសភាកម្ពុជា គឺកម្មវិធីសម្រាប់ថ្ងៃទី១៤ មករា មានសន្និសីទសារព័ត៌មាន ដោយឯកឧត្តម ឈាង វុន ប្រធានគណៈប្រតិភូសភាកម្ពុជា សម្រាប់APPF ។ពិធីចុះអនុស្សរណៈយោគយល់គ្នា(MOU) រវាងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាមួយលោកជំទាវ ប្រធានរដ្ឋសភាឡាវ។ ការអញ្ជើញជាអធិបតីបើកកិច្ចប្រជុំសភាស្រ្តី របស់សម្ដេចពញាចក្រី ហេង សំរិន នាពេលរសៀល និងកិច្ចសម្ភាសន៍លោកជំទាវ ឃួន សុដារី ប្រធានដឹកនាំកិច្ចប្រជុំសមាជិកាសភាស្រ្តី។
ដោយឡែក ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ជាផ្លូវការ នឹងប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៥ ខែមករា ដោយមានសុន្ទរកថាគន្លឹះ នៅពេលបើកកម្មវិធី ពីថ្នាក់ដឹកនាំកំពូលៗរបស់ ជាតិ និងអន្តរជាតិ ជាច្រើនរូប។
វេទិកាថ្នាក់តំបន់នេះ នឹងត្រូវស្វាគមន៍ដោយព្រះរាជសាររបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថន រោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មុនពិធីបើកជាផ្លូវការនៃមហាសន្និបាតរបស់ថ្នាក់ដឹកនាំស្ថាប័នកំពូលកំពូលៗរបស់កម្ពុជាមានដូចជា៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧។
វេទិកាAPPF ត្រូវបានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នមានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ ចំណែកសភាកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥ ដើម្បីចូលរួមស្វែងសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕