ប្រមុខរាជរដ្ឋាភិបាលស្នើអោយក្រសួងជំនាញពិភាក្សាឡើងវិញ ពីការប្ដូរប្រព័ន្ឋ អាន់ណាឡូក ទៅជាប្រព័ន្ធឌីជីថល

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ​ សូលីដា​៖

ប្រមុខរាជរដ្ឋាភិបាលស្នើអោយក្រសួងជំនាញពិភាក្សាឡើងវិញ ពីការប្ដូរប្រព័ន្ឋ អាណាឡូក ទៅជាប្រព័ន្ធឌីជីថល ដើម្បីដើរអោយទាន់សម័យប្រព័ន្ធបច្ចេកវិទ្យានិងតម្រូវការក្នុងក្របខណ្ឌតំបន់អាស៊ាន។
សម្តេចតេជោបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០អាស៊ានបានកំណត់ឲ្យបណ្តាលប្រទេស ទំាងអស់ជាសមាជិកត្រូវផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូក ទៅជាប្រព័ន្ធឌីជីថលប៉ុន្តែកម្ពុជាបានស្នើសុំទៅដល់ឆ្នាំ២០២៣ ដោយសារនៅជួបបញ្ហារំាងស្ទះមួយចំនួន។
ថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មានក្នុងស្រុកលើកទី៣កាលពីថ្ងៃទី១១ ខែមករា សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា ការពន្យាពេលរបស់កម្ពុជានេះបានក្លាយជាចំណោទបញ្ហា២យ៉ាងគឺទី១បណ្តាប្រទេសជិតខាងដែលមានខេត្តមួយចំនួននៅជាប់នឹងកម្ពុជានឹងទទួលរងផលប៉ៈពាល់ពីការផ្សាយរបស់កម្ពុជាតាមរយះប្រព័ន្ធអាណាឡូក និងទី២ការខ្វះខាតសម្ភារះបរិក្ខាសម្រាប់ប្រព័ន្ធអាណាឡូក ខណះក្រុមហ៊ុនលែងផលិតសម្ភារៈទំាងនេះ។ សម្តេចបន្តថា ផ្អែកតាមចំណោទបញ្ហាទំាង២នេះ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ត្រូវពិភាក្សាគ្នាឡើងវិញ ដើម្បីរកច្រកចេញមួយសមស្របពីការផ្លាស់ប្រព័ន្ធផ្សព្វផ្សាយនេះ។
ដើម្បីធ្វើការស្នើសុំត្រឹមកម្រិតដែលយើងត្រូវការ ឬយើងធ្វើបានតាមលទ្ធភាពឬក្រុមហ៊ុនណាដែលមានលទ្ធភាពអាចឈានទៅមុនហើយអាចទៅរួចឬទេ រវាងក្រុមហ៊ុនដែលអាចទៅមុនបាន និង ក្រុមហ៊ុនដែលទៅក្រោយកុំចាំមួយរោងនឹងចាំមួយពេលនេះ ជាចំណុចដែលយើងលើកយកមកពិចារណារួមគ្នា ដើម្បីដោះស្រាយនូវបញ្ហានេះ ដើម្បីដើរទាន់នៅសម័យកាលបច្ចេកវិទ្យា សម័យការឌីជីថលរបស់យើងនេះ ជាចំណុចទី ១ ក្រសួងដែលពាក់ព័ន្ធនឹងរឿងនេះ ពិសេសក្រសួងព័ត៌មាននិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នេះជាប្រព័ន្ធដែលពាក់ព័ន្ធ កាលណាដែលយើងប្រើប្រាស់នូវប្រព័ន្ធឌីជីថលហើយនោះយើងនឹងយកប្រព័ន្ធដែលកំពុងប្រើនៅក្នុងទូរទស្សន៍សព្វថ្ងៃនេះ ទៅប្រើលើប្រព័ន្ធទូរស័ព្ទវិញដែលប្រើប្រាស់បានល្អនិងចំណេញជាង នេះជាបញ្ហាដែលទាក់ទងនឹងការគ្រប់គ្រងបញ្ហានឹង៕