ក្រសួងបរិស្ថាន បើកកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការពិនិត្យគម្រោងបង្កើត​រោងចក្រផលិតស៊ីម៉ងត៍ និងវាយតម្លៃផលប៉ះពាល់បរិស្ថាន


AKPភ្នំពេញថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ -ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំកិច្ច ប្រជុំ អន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះ ពាល់បរិស្ថាន និងសង្គម ពេញលេញ (ESIA) លើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ ។ កិច្ចប្រជុំនេះ ធ្វើឡើង នៅទីស្តីការក្រសួងរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ។ នេះបើយោងតាមការចេញផ្សាយរបស់ ក្រសួងបរិស្ថាន។

ឯកឧត្តម សាបូ អូហ្សាណូ បានគាំទ្រទៅលើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នេះ ហើយស្នើឱ្យក្រុមហ៊ុនទីប្រឹក្សាត្រូវសហការជាមួយក្រុមហ៊ុនម្ចាស់គម្រោងធ្វើការកែសម្រួលនូវចំណុចខ្វះខាតក្នុងរបាយការណ៍ ទៅតាមការផ្តល់យោបល់របស់អង្គប្រជុំយ៉ាងយូរ ០១ខែ និង ក្រុមហ៊ុនត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវទៅតាមការលើកឡើងនៅក្នុងរបាយការណ៍ ESIA ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាង អគ្គនាយកដ្ឋានពាក់ព័ន្ធនៃ ក្រសួងបរិស្ថាន តំណាងក្រសួងរ៉ែ និងថាមពល ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលព្រៃឈើ) ក្រសួង សាធារណ ការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តកំពត មន្ទីរបរិស្ថានខេត្តកំពត នាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។

សូមបញ្ជាក់ថា គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ ខាងលើទំហំ ផ្ទៃដី ៩១,១០២៩ ហិកតា របស់ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខូអិលធីឌី ព្រមទាំង សិក្សា និងរៀបចំរបាយ ការណ៍ (ESIA) ដោយក្រុមហ៊ុន ទីប្រឹក្សា E & A CONSULTANT CO., LTD.៕

ដោយ ពេជ្រ ណារិទ្ធ, រូបថត៖ ក្រសួងបរិស្ថាន