អាជ្ញាធរជាតិព្រះវិហារ នឹងបញ្ចប់ការសិក្សាការខូចខាត ជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ នៅ ថ្ងៃទី៣០ ខែសីហា ខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

អគ្គនាយអាជ្ញាធរជាតិព្រះវិហារ បានអះអាងថា អ្នកជំនាញ នៃ អាជ្ញាធរ ជាតិ ព្រះវិហារ នឹងបញ្ចប់ការសិក្សាការខូចខាត ជណ្តើរបុរាណខាងជើង គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ប្រាសាទព្រះវិហារ នៅ ថ្ងៃទី៣០ ខែសីហា ខាងមុខនេះ ដើម្បីឈានទៅចាប់ផ្តើម ជួសជុលឡើងវិញ នៅឆ្នាំ២០២០ខាងមុខនេះ ។

ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ មានប្រសាសន៍ថា ជណ្តើរបុរាណមុខនាគ ខាង ជើងគោបុរៈ ទី៥ នៃប្រាសាទព្រះវិហារ គិតមកដល់បច្ចុប្បន្ននេះ អ្នកជំនាញ នៃអាជ្ញាធ រជាតិ ព្រះវិហារ បានសិក្សា លំអិត កំណត់រកផលប៉ះពាល់ និងការខូចខាត ដែលធ្វើឲ្យ ជណ្តើរនេះ ខូច អស់រយៈពេលជិត៤ខែមកហើយ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមក ។ឯកឧត្តម បន្តថារហូតមកដល់ពេលនេះ អ្នកជំនាញ កំពុងមមាញឹក សិក្សាបន្ថែម លំអិត ឲ្យរួចរាល់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ខាងមុខ ដើម្បីឈានទៅ ជួសជុលឡើងវិញ ។ ឯកឧត្តមបន្ថែមថា ការជួសជុលជណ្តើរនេះ មិនមែនជួសជុលទាំងអស់នោះទេ គឺត្រូវ ជួសជុល ចំណុចខូចខាតណា ដែលចាំបាច់ ងាយរងផលប៉ះពាល់ និងរក្សាឲ្យនៅភាពដើម ដដែល ចំពោះចំណុច ជណ្តើរណាដែលនៅល្អ គឺអនុវត្តតាមការគោលការណ៍ របស់អង្គការយូណេស្កូ ។ ជណ្តើរដែល រងការខូចខាតនេះ ភាគច្រើនត្រូវបានខូចខាតដោយសារតែ ប្រព័ន្ធហូរច្រោះទឹក នៃជណ្តើរនេះ ត្រូវបានលុបដោយដី និងទឹកភ្លៀងហូរច្រោះជាច្រើនឆ្នាំ ធ្វើឲ្យហូរច្រោះដាច់ បែកបាក់ថ្ម ។ ឯកឧត្តម បានឲ្យដឹងទៀតថា ការរៀបចំសិក្សា សម្រាប់ជួសជុល ឡើងវិញ នៃជណ្តើរបុរាណខាងជើងគោបុរៈទី៥ នៃប្រាសាទព្រះវិហារ មិនត្រឹមតែបាន ធ្វើឲ្យ តម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ កាន់តែមានសោភណ្ឌភាព ស្រស់ស្អាតប៉ុណ្ណោះ ទេ ថែមទាំងបញ្ជៀសបាននូវគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឡើងចុះ លេង កម្សាន្ត នៅក្នុងតំបន់រមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ទៀតផង ។
សូមបញ្ជាក់ថា ការសិក្សា ពីផលប៉ះពាល់នៃការខូចខាតជណ្តើរបុរាណមុខនាគ ខាងជើង គោបុរៈទី៥ នៃប្រាសាទព្រះវិហារ បានចាប់ផ្តើមពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ និងបញ្ចប់នៅ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមកិច្ចសហប្រតិបត្តិការ និងជំនួយថវិកាមូលនិធិ របស់ស្ថានទូតអាមេរិក ៕