រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមសាងសង់ប្រឡាយទឹកបេតុង សម្រាប់កសិកម្ម ក្នុងខេត្តចំនួន៥ នៅចុងឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

មន្ត្រីក្រសួងធនធានទឹកនិងឧត្តុនិយម ឱ្យដឹងថា៖រដ្ឋាភិបាលគ្រោងនឹងចាប់ផ្ដើមសាងសង់ ប្រឡាយបេតុងប្រវែង ៣៨១២គីឡូម៉ែត្រ នៅក្នុងខេត្តចំនួន៥ ដែលជាគំរោងសម្រាប់ ពង្រឹងប្រព័ន្ធធារាសាស្ត្រទំនើបនៃវិស័យកសិកម្ម អាចនៅក្នុងអំឡុងត្រីមាសទី៣ឬទី៤នៃឆ្នាំ២០១៩នេះ។


ឯកឧត្តម ចាន់ យុត្ថាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧត្តុនិយម មានប្រសាសន៍ថា៖ក្រុមអ្នកបច្ចេកទេស របស់ក្រសួងធនធានទឹកនិងឧត្តុនិយម រួមជាមួយនិងអ្នកបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)កំពុងចាប់ផ្ដើមចុះពិនិត្យ និងវាយតម្លៃរួមគ្នា ទៅលើគំរោងពង្រឹងប្រព័ន្ធធារាសាស្ត្រទំនើប សម្រាប់វិស័យកសិកម្ម (IAIP) ដែលរដ្ឋាភិបាលកម្ពុជាបានស្នើឡើងនោះ ។


ក្រុមអ្នកជំនាញកំពុងជ្រើសរើសមើល នៅក្នុងគំរោងទាំងនោះ ថាតើគំរោងណាមួយមានអាទិភាព ដើម្បីចាប់ផ្ដើមធ្វើកម្មវិធីលំអិត និងដាក់ឱ្យអ្នកម៉ៅការដេញថ្លៃមុនគេ។ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ក្រសួងធនធានទឹកធ្លាប់បានចុះផ្សាយអំពីជំនួបរវាងឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងគណៈ ប្រតិភូ ADB ដែលពិភាក្សាគ្នាជុំវិញគំរោងពង្រឹងប្រព័ន្ធធារាសាស្ត្រទំនើប សម្រាប់កសិកម្ម (IAIP) ដោយគ្រោងនឹងសាងសង់ប្រឡាយទឹកចាក់បេតុង នៅក្នុងខេត្តចំនួន៥ មានខេត្តបាត់ដំបង កំពង់ចាម តាកែវ កំពង់ធំនិងខេត្តកំពតនោះ។ គំរោងពង្រឹងប្រព័ន្ធធារាសាស្ត្រទំនើប សម្រាប់កសិកម្ម (IAIP)នេះ ត្រូវការចំណាយថវិកាប្រមាណ១៣៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាគំរោងនៃប្រព័ន្ធធារាសាស្ត្រ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងខេត្តចំនួនទាំង៥ សម្រាប់ឱ្យប្រជាកសិករអាចមានទឹកប្រើប្រាស់លើដំណាំស្រូវ ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ ដែលក្នុង១ឆ្នាំកសិករអាចធ្វើស្រូវបាន៣ដង។ ឯកឧត្តម ចាន់ យុត្ថា មានប្រសាសន៍ទៀតថា៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានយល់ព្រមទទួលយក គំរោង ProJect Proposalរបស់រដ្ឋាភិបាលកម្ពុជាជុំវិញគំរោងពង្រឹងប្រព័ន្ធធារាសាស្ត្រទំនើប សម្រាប់កសិកម្មនេះហើយ ហើយ(ADB)នឹងចាប់ផ្ដើមផ្ដល់ថវិកា មកឱ្យគំរោងរដ្ឋាភិបាលនេះ តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅពេលខាងមុខ៕