ក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ បណ្តុះបណ្តាលគ្រូបង្គោលស្តីពី មេរៀន និងផ្ទាំងរូបភាពអប់រំស្តី​ពីការប្រែប្រួលអាកាសធាតុ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ -នាយកដ្ឋានអប់រំបរិស្ថាន នៃក្រសួងបរិស្ថានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធី សិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាគ្រូបង្គោលស្តីពីការបង្រៀន និងរៀនមុខវិជ្ជាប្រែប្រួលអាកាសធាតុ ក្រោមគម្រោងភាពធន់នឹងអាកាសធាតុនៃជំនួយពីធានា គាអភិវឌ្ឍអាស៊ី(ADB) ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១២៥នាក់។ សិក្ខាសាលានេះ ធ្វើឡើង កាលពីថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។

លោកជំទាវ ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលគ្រូបង្គោលនេះក្នុងគោល​បំណង ដើម្បីបញ្រ្ជាបវិធានការបន្ស៊ាំ កាត់បន្ថយ និងផលប៉ះពាល់ នៃការប្រែប្រួល​អាកាស​ធាតុ ក្នុងវិស័យកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមរយៈការចងក្រងជា មេរៀនប្រែប្រួលអាកាសធាតុដើម្បីដាក់បញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី៧ ទី៨ និងទី៩ នៃក្រសួងអប់រំ យុវជន និងកីឡា។ លោកជំទាវលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាង​ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន ជាពិសេសនាយកដ្ឋានកម្មវិធីសិក្សា និងនាយកដ្ឋានអប់រំបរិស្ថាន ដែលបានបង្កើតមេរៀនគោលស្តីពីការប្រែប្រួលអាកាសធាតុ និងផ្ទាំងរូបភាពអប់រំបរិស្ថាន ដែលលទ្ធផលទាំងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់លោកគ្រូ អ្នកគ្រូបឋមសិក្សាទុតិយភូមិ សម្រាប់អប់រំដល់សិស្សានុសិស្សថ្នាក់ទី៧ ទី៨ និងទី៩ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ។ លោក​ជំទាវបន្ដថា នេះគឺជាចំណែកនៃការទទួលខុសត្រូវ ការពារ ថែរក្សាបរិស្ថាន ជីវៈចម្រុះ ដើម្បី​បរិស្ថានសាលាបានស្អាត មានមេត្រីភាពបរិស្ថាន បរិយាកាសល្អ និងមានភាពបៃតងជានិច្ច។ លោកជំទាវបានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានទាំងពីរ ក្រុមការងារបាន​អប់រំផ្សព្វផ្សាយគោលការណ៍សាលាមេត្រីបរិស្ថាន និងអប់រំបរិស្ថានក្រៅប្រព័ន្ធ អារ៉ាមមេត្រី បរិស្ថាន កម្មវិធីប្រឡងប្រណាំងយុវជនឆ្នើមបរិស្ថាន កម្មវិធីពង្រឹងសមត្ថភាពបណ្តុះបណ្តាល គ្រូបង្គោល និងសូមឱ្យលោកនាយក លោកគ្រូ អ្នកគ្រូ ជួយផ្សព្វផ្សាយអំពីកម្មវិធីប្រឡង ប្រណាំងសាលាមេត្រីបរិស្ថាន ដែលក្រសួងបរិស្ថានរៀបចំការប្រលងប្រណាំងជារៀង រាល់ឆ្នាំ។

សូមបញ្ជាក់ថា សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៩ នៅសាលាអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ៕

ដោយ ទេស ច័ន្ទសុធារី