បញ្ចុះបឋមសីលាសាងសង់អគារពុទ្ធិកបឋមសិក្សានៅខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ –អគារពុទ្ធិកបឋមសិក្សា១ខ្នង ២ជាន់ ៦បន្ទប់ ដែលជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋ​មន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់វត្តសុវណ្ណបុព្វ​តារាម​(វត្តខ្លាកូនចាស់)នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន ធ្វើពិធី បញ្ចុះ​បឋមសីលាសាងសង់កាលពីរសៀលថ្ងៃពុធ​ ៤កើត​ ខែបុស្ស​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ពស​២៥៦២​ ត្រូវនឹងថ្ងៃទី០​៩​ ខែមករា​ ឆ្នាំ២០១៩​ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ​​ ម៉ៅ​ម៉ាល័យ​ ​កែ​ គឹមយ៉ាន។​

លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានគូសបញ្ជាក់ថា ទីវត្តអារាមជាកន្លែងរក្សា ទុកនូវវប្បធម៌ប្រពៃណីទំនៀមទំលាបដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយសម្រាប់មនុស្សជំនាន់ក្រោយពិសេសទៅទៀតសម្រាប់សមណសិស្ស​រៀនសូត្រគ្រប់មុខវិជ្ជា ទៀតផង និងបានរួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ ចរិយាធម៌ និងប្រកបដោយគុណធម៌។ លោកជំទាវបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានខិតខំប្រឹង ប្រែងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យដែលក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកដុះ​ដាលនៅគ្រប់ទីកន្លែងស័ក្តិសមជាទីកន្លែងគោរពបូជា នៃពុទ្ធបរិស័ទ ផងដែរ។ជាក់ស្តែងសំណង់អគារពុទ្ធិកបឋមសិក្សា១ខ្នង ២ជាន់ មាន៦បន្ទប់ដែលកំពុងសាង សង់នេះគឺជាសមិទ្ធផលថ្មីមួយដែលកាលពី​មុននៅទីវត្តនេះ​គ្មានទេសម្រាប់ថ្នាក់ពុទ្ធិក​បឋម សិក្សានោះ។

យោងរបាយការណ៍របស់មន្ទីរធម្មការសាសនាខេត្តបន្ទាយមានជ័យឱ្យដឹងថា រហូត មកដល់បច្ចុប្បន្ននេះ នៅទូទាំងខេត្ត មានវត្តចំនួន២៣៨វត្ត និងអាស្រម៨ មានព្រះសង្ឃ​សរុបចំនួន ៣.៨៩៧អង្គ​​។ ចំពោះវិស័យពុទ្ធិកសិក្សាបានបណ្តុះបណ្តាលព្រះ សង្ឃតាំងពីថ្នាក់ ធម្មវិន័យ ថ្នាក់ពុទ្ធិក​បឋមសិក្សារហូតដល់ពុទ្ធិកវិទ្យាល័យ។ ក្នុងនោះ​សាលាធម្មវិន័យមាន​ចំនួន៥៩វត្ត និង៨៣ថ្នាក់ មាន​សមណសិស្សចំនួន១៥៦០អង្គនាក់ ពុទ្ធិកបឋមសិក្សាចំនួន ៦៨វត្តមាន៨៣ថ្នាក់មានសមណ​សិស្សចំនួន១.៤៩៣អង្គ/នាក់។ ចំណែកពុទ្ធិកអនុវិទ្យាល័យ ចំនួន៤ថ្នាក់ មានសមណសិស្សចំនួន១៩៣​អង្គ/នាក់ និងពុទ្ធិកវិទ្យាល័យ៣ថ្នាក់ មានសមណ សិស្សចំនួន៥១អង្គ/នាក់៕

ដោយ ឈុន សារ៉ាត