សម្តេច ក្រឡាហោម ស ខេង​ ដឹកនាំប្រតិភូ ទៅប្រទេសវៀតណាម ដើម្បីពិភាក្សាបញ្ហាព្រំដែន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន​បូណា​៖

សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានដឹកនាំប្រតិភូទៅកាន់ប្រទេស វៀតណាម ដើម្បីចូលរួមកិច្ចប្រជុំជាមួយភាគីវៀតណាម លើបញ្ហាព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការទូទៅនៃប្រទេសទាំងពីរ ។


ឯកឧត្តម ផាន សុ ផានិត អគ្គនាយក នៃ អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការដឹកនាំគណៈប្រតិភូទៅប្រទេសវៀតណាម របស់ សម្តេច ក្រឡាហោម ស ខេង នេះបានធ្វើឡើងតាមការអញ្ជើញរបស់ភាគីវៀតណាម ដែលកិច្ចប្រជុំនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៩ នាទីក្រុងហាណូយ ប្រទេសវៀតណាម។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនោះផ្តោតលើកិច្ចប្រជុំចំនួន២គឺ ទី ១ ជាកិច្ចប្រជុំ លើកទី ១០ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា និងវៀតណាម និងការពន្លឿនបោះបង្គោលព្រំដែននៃប្រទេសទំាង២កម្ពុជា វៀតណាមដែលមានភូមិផងរបងជាមួយគ្នា ដោយកិច្ចប្រជុំនេះ កាលពីឆ្នាំ ២០១៨ កន្លងទៅកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ចំណែកកិច្ចប្រជុំ ទី ២ គឺជា កិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការ និងចុះ ហត្ថលេខាលើផែនការស្តីពីកិច្ចសហការ សម្រាប់ ឆ្នាំ ២០១៩បន្តទៀត ។
សូមបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំ ស្តីពីសហប្រតិបត្តិការព្រំដែន នៃប្រទេសកម្ពុជា និងប្រទេស វៀតណាម ភាគីទាំងពីរ ក៏ នឹងនិយាយ អំពីបញ្ហាសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីធ្វើយ៉ាង ណាផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕