ខេត្តកែបប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាជ័យជម្នះ៧មករា

​​​​AKP កែប ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ — ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកែប បានអញ្ជើញចូលរួមអបអរសាទរខួប​អនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករា(៧ មករា ១៩៧៩-៧ មករា ២០១៩)។ ពិធីនេះ ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ២០១៩ នៅសួនច្បារវិមានឯករាជ្យ​ខេត្តកែប ដោយ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាពទូទាំងខេត្ត ភ្ញៀវជាតិ អន្តរជាតិ សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តម សំ​ សារីន តំណាងឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានអានសន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានខ្លឹមសារទាំងស្រុងថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិ សាស្រ្តរបស់ ប្រជាជនកម្ពុជាដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យ កាល ដ៏ខ្មៅងងឹតបំផុតនៅកម្ពុជាដែលបានកាប់សម្លាប់ និងធ្វើទារុណកម្ម ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ស្លាប់ជិត ៣លាននាក់។ ក្នុងសន្ទរកថាបានបន្ដថា ថ្ងៃ ៧ មករា ១៩៧៩ គឺជាការបើកឡើងវិញ នូវទំព័រសករាជថ្មីនៃ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ជាមួយគ្នានេះ ក្រោយពេលបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង បន្ទាប់ពីការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ប្រទេសជាតិបានផ្តល់ឱកាសពេញលេញដល់កម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេស​ឱ្យរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ នៅក្រោមម្លប់សន្តិភាព សេដ្ឋកិច្ចកម្ពុជា កាន់តែរីក លូតលាស់ ដែលក្នុងនោះគឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែកើន ច្រើន ឡើង ដែលធ្វើឱ្យកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧ភាគរយ។

ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងថា កម្ពុជាត្រូវតែរួមគ្នាការពារ និងថែរក្សា សន្តិភាពឱ្យបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងរីកចម្រើន​ជានិច្ច។ ឯកឧត្តមបានបន្ដថា នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦នេះ សម្តេចតេជោនាយករដ្ឋ​មន្ត្រី​បានប្តេជ្ញាចិត្តក្នុងការដឹកនាំនាវាកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ជាពិសេស​កិច្ច​ការពារ និងថែរក្សាសន្តិភាពឱ្យបានគង់វង្ស និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត​ផ្សេងៗ ដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់ប្រជាជន៕

ដោយ ប្រាក់ លាង