ឯកឧត្ដម ពេជ្រ ប៊ុនធិន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករា នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ — ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះបានអញ្ជើញជាអធិបតីក្នុងពិធីមហាមិទ្ទីង អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-៧មករា២០១៩) នៅខេត្តក្រចេះកាលពីព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។ នៅក្នុងពិធីនោះ    មានមហាជនចូលរួមប្រមាណជាង ២ពាន់នាក់ ព្រម ទាំងមានការដង្ហែក្បួនដោយ រថយន្តយ៉ាងច្រើនដែលលម្អដោយទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងបដាពាក្យស្លោកយ៉ាងច្រើន ជុំវិញក្រុងក្រចេះផងដែរ។

ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានថ្លែងសន្ទរកថាគូសបញ្ជាក់ពីការប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករានេះឡើង គឺដើម្បីរម្លឹកដល់ថ្ងៃកំណើតទីពីរនៃការរស់មានជីវិតឡើងវិញ បន្ទាប់ពីកម្ពុជាត្រូវបានរំដោះខ្លួន ចេញពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត។ឯកឧត្ដមបញ្ជាក់ថា កាលពី៤០ ឆ្នាំមុននោះ ទឹកដីកម្ពុជាត្រូវបាន ពួកប៉ុល ពត ឆក់ប្លន់យកទាំងស្រុងនូវសមិទ្ធផល សិទ្ធិសេរីភាព និងជីវិតប្រជាជនកម្ពុជា ដ៏ឃោរឃៅយង់ឃ្នងបំផុតដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ធ្វើឱ្យទឹកដីកម្ពុជាទាំងមូល ក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតជោគជាំដោយឈាម និងទឹកភ្នែក ហើយប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ត្រូវសម្លាប់យ៉ាងអាណោចអាធម និងអយុត្តិធម៌បំផុត។ ក៏ប៉ុន្តែក្រោយមករណ សិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបង្កើតឡើងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត រួមនិងកម្លាំងសាមគ្គីពីប្រជាជនកម្ពុជា ទាំងមូលបានធ្វើការប្រឆាំងតស៊ូពីរបបប្រល័យពូជសាសន៍ ព្រមទាំងទទួលបានការជួយ ឧបត្ថម្ភគាំទ្រដ៏ស្មោះសរទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រ ចិត្តវៀតណាម និងការគាំទ្រពីកម្លាំងស្នេហាសន្តិភាព យុត្តិធម៌នានានៅលើពិភពលោក បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍សម្រេចបានមហាជ័យជម្នះ ដ៏ត្រចះត្រចង់ជាប្រវត្តិ សាស្ត្រ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានថ្លែងបញ្ជាក់ទៀតថា កម្ពុជាបានធ្វើការកសាង និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធឡើងវិញតាំងពីបាតដៃទទេ រហូតមកដល់ពេលបច្ចុប្បន្ន។ កម្ពុជាដែលពីមុនធ្លាប់ត្រូវបានគេប្រមាថមើលងាយ ត្រូវបានគេហ៊ុមព័ទ្ធ និងឯកោទាំងផ្នែកនយោបាយ ទាំងសេដ្ឋកិច្ច។ ក៏ប៉ុន្តែឥឡូវនេះ កម្ពុជាក្លាយទៅជារដ្ឋឯករាជ្យមួយ ដែលមានអធិបតេយ្យ បូរណភាពទឹកដីពេញលេញ ហើយកំពុងពង្រីកការធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្ម នៅក្នុងរចនាសម្ព័ន្ធក្នុងតំបន់ និងពិភពលោក ព្រមទាំងបំពេញតួនាទីយ៉ាងសកម្ម ដោយស្មើភាព ស្មើសិទ្ធិ រាល់កិច្ចការក្នុងតំបន់ និងអន្តរជាតិ ។

ឯកឧត្តមកិត្តិបណ្ឌិតបានសង្កត់ធ្ងន់ថា ស្មារតី ៧ មករា គឺស្ថិតនៅជាប់ ជានិច្ចនៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ស្មារតី ៧ មករា គឺជាកម្លាំងយ៉ាងធំធេង ដែលធ្វើឱ្យឈ្នះគ្រប់ឧបសគ្គនិងការលំបាកសព្វបែបយ៉ាង នៅក្នុងការ កសាងនិងការពារមាតុភូមិកម្ពុជាឱ្យរស់នៅក្នុងភាពសម្បូរសប្បាយ ក្រោមការដឹកនាំដ៏ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ជួន សុជាតិ