ក្រសួងសាធារណការ គ្រោងពង្រីកអាងបន្សុទ្ធទឹកកខ្វក់នៅក្រុងព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ — ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងពង្រីកអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុង ព្រះសីហនុឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន ក៏ដូចជាទប់ស្កាត់ការបង្ហូរទឹកកង្វក់ដោយផ្ទាល់ ចូលទៅក្នុងសមុទ្រ ដែលធ្វើឱ្យខូចបរិស្ថាន និងប៉ះពាល់ទឹកសមុទ្រ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងជំនាញរបស់រាជរដ្ឋាភិបាលកំពុងសហការគ្នា សិក្សាលើគម្រោងពង្រីកអាងស្តុកទឹកកខ្វក់នៅក្រុងព្រះសីហនុលើផ្ទៃដី១៦ហិកតា ដើម្បីធ្វើប្រព្រឹត្តិកម្មឱ្យស្អាតមុននឹបង្ហូរចូលសមុទ្រ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារក្នុងឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្នបរិមាណនៃការបញ្ចេញទឹកកង្វក់នៅក្នុងខេត្តនេះ មានចន្លោះពី២ម៉ឺន ទៅ៤ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ ខណៈសមត្ថភាពអាងស្តុកអាចបន្សុទ្ធទឹកកខ្វក់នេះ   ក្នុងមួយថ្ងៃ អាចគ្រប់គ្រងទឹកកង្វក់បានតែ៦ពាន់ម៉ែត្រគុបប៉ុណ្ណោះ។

ឯកឧត្តមបន្តថា ក្រសួងក៏បានឱ្យក្រុមហ៊ុនមួយចំនួនសិក្សាលើផែនការមេ សម្រាប់ការគ្រប់គ្រងទឹកស្អុយនៅក្នុងក្រុងព្រះសីហនុ ក្រុងកែប កោះកុង កំពត បាត់ដំបង សៀមរាប ក្រុងតាខ្មៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ផងដែរ ដើម្បីឈានទៅកសាងអាចចម្រោះទឹកស្អុយទាំងនេះឱ្យបានលឿនបំផុត។ បញ្ហាទឹក កខ្វក់ហូរចូលសមុទ្រ ជាក្តីបារម្ភខណៈខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយ ដែលមានសក្តានុពលផ្នែក   ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ហើយរយៈពេល ២ឆ្នាំចុងក្រោយនេះ កំពុងមានការអភិវឌ្ឍយ៉ាងគំហុក មានសំណង់អគារពាណិជ្ជកម្ម ខុនដូ និងសណ្ឋាគារផ្កាយ៣ ផ្កាយ៥ កំពុងសាងសង់ និងដំណើរការអាជីវកម្មរបស់ខ្លូននៅលើទឹកដីខេត្តមាត់សមុទ្រមួយនេះ។

ឯកឧត្តមបន្តទៀតថា កន្លងមករដ្ឋបាលខេត្តនេះបានផ្សព្វផ្សាយ និងជំរុញម្ចាស់ទីតាំងឧស្សាហកម្មទេសចរណ៍ អគារពាណិជ្ជកម្មធំៗ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ឱ្យធ្វើអាងប្រព្រឹត្តិកម្ម ដើម្បីចម្រោះជាតិកខ្វក់ មុននឹងបង្ហូរចូលទៅលូសមុទ្រ ក៏ប៉ុន្តែម្ចាស់ទីតាំងអាជីវកម្មមួយចំនួន បានចូលរួមសហ ការជាមួយរដ្ឋបាលខេត្ត តែមួយចំនួនមិនទាន់បានអនុវត្តន៍៕

ដោយ ងិន សុផល