អាជ្ញាធរខេត្តស្ទឹងត្រែង បេ្ដជ្ញាប្រែក្លាយខេត្តឲ្យទៅជាគោលដៅភ្ញៀវទេសចរដ៏ទាក់ទាញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អាត​ ចន្ធូ​៖


អាជ្ញាធរខេត្តស្ទឹងត្រែង បានបង្ហាញពីជំហរបេ្ដជ្ញាប្រែក្លាយដែនក្នុងការគ្រប់គ្រងរដ្ឋបាលរបស់ខ្លួនឲ្យទៅជាគោលដៅភ្ញៀវទេសចរដ៏ទាក់ទាញ ខណៈតំបន់ភាគឦសាននៃប្រទេសកម្ពុជាមួយនេះសម្បូរទៅដោយសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ។


លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានប្រាប់ឲ្យវិទ្យុជាតិកម្ពុជាដឹងថា អាជ្ញាធរខេត្ត បាននឹងកំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណាប្រែក្លាយខេត្តស្ទឹងត្រែងទាំងមូលឲ្យទៅជាតំបន់ទេសចរណ៍ ដែលភាពមានទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនានូវតំបន់ទេសចរណ៍ធម្មជាតិ មានដូចជា៖ រមណីយដ្ឋានកោះហាន រមណីយដ្ឋានទឹកជ្រោះសុភមិត្រឬទឹកធ្លាក់ព្រះនិមិត្ត រមណីយដ្ឋានឆ្នេរខ្សាច់សេកុង រមណីយដ្ឋានកោះខេ រមណីយដ្ឋានអន្លង់ផ្សោតឈើទាល រមណីយដ្ឋានបុប្ផាភ្លុក រមណីយដ្ឋានអូរច្រឡង់ និងរមណីយដ្ឋានជាច្រើនទៀត ដើម្បីជា ប្រយោជន៍នាំមកចំណូលសេដ្ឋកិច្ចជូនដល់ប្រជាជនក្នុងតំបន់ និងសេដ្ឋកិច្ចជាតិពីឧស្សាហកម្មបៃតងមួយនេះ។អាជ្ញាធរខេត្តនឹងធ្វើឲ្យទឹកដីខេត្តស្ទឹងត្រែង ជាផ្នែកមួយដែលរួមចំណែកអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ដោយផ្អែកលើសរសរស្ដម្ភ៣ ដែលទី១ គឺយើងនឹងជំរុញឲ្យខេត្តស្ទឹងត្រែងក្លាយជាទេសចរណ៍បៃតង ទេសចរណ៍វប្បធម៌ធម្មជាតិ ហើយនិងទេសចរណ៍កសិទេសចរណ៍។ សរសរស្ដម្ភនៃវិស័យទេសចរណ៍ទាំង៣នោះ គឺយើងនឹងខិតខំជំរុញបន្ដិចម្ដងៗ តាមរយៈសហគមន៍ទេសចរណ៍ ដែលស្ថិតនៅក្នុងតំបន់ធម្មជាតិទាំងអស់ធ្វើការប្រែក្លាយតំបន់ទាំងអស់នោះ ឲ្យក្លាយទៅផ្កាមួយទងដែលមានការទាក់ទាញ។ ជាកូនក្រមុំមួយដែលគេ យកចិត្តទុកដាក់សម្លឹងជាប់ជាប្រចាំ ហើយនឹងធ្វើឲ្យប្រជាពលរដ្ឋទាំងឆ្ងាយទាំងជិត ភ្ញៀវបរទេសសម្លឹកមើលពីភាពស្អាតនៃ ភាពក្រពុំនៃតំបន់ទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង។


ខេត្តស្ទឹងត្រែងជាខេត្តមួយជាប់នឹងព្រំដែនប្រទេសឡាវ ដោយមានរបាយប្រជាពលរដ្ឋសរុបជាង១៥ម៉ឺននាក់ ដែលក្នុងនោះមានជនជាតិដើមភាគតិចចំនួន១១ជនជាតិដូចជា៖ ជនជាតិ ព្នង កួយ លន់ ចារាយ ល្មួន ជាដើម។
កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសឡាវ បានឯកភាពគ្នាបើក កុងស៊ុល និងច្រកព្រំដែនអន្ដរជាតិរវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ប្រទេសឡាវ ដើម្បីសម្រួលដល់ការចេញចូលរបស់ប្រជាជននៃប្រទេសទាំងពីរ។ ពិសេសដើម្បីភ្ជាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែទូលំទូលាយថែមមួយកម្រិតទៀត៕