សម្តេចក្រឡាហោម ស ខេង បន្តដឹកនាំសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា អាណត្តិថ្មីទី៤ ឆ្នាំ២០១៩-២០២៣

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ — សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្ត អាណត្តិថ្មីទី៤ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបន្តដឹកនាំជាប្រធានសហព័ន្ធ អមដោយអនុប្រធាន៦រូប និងមានសមាជិកប្រតិបត្តិចំនួន២៤រូប ក្នុងនោះមានអភិបាលខេត្តចំនួន២៣ខេត្ត ខណៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ជាអគ្គលេខាធិការ និងកញ្ញា មាស តឿ ជាអគ្គ ហិរញ្ញឹក សរុប៣៣រូប។នៅក្នុងមហាសន្និបាត ដែលបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅ​ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ទៀ វិញ អនុប្រធានសហព័ន្ធ តំណាងសម្តេចក្រឡាហោម​ ស ខេង បានមានប្រសាសន៍ថា សម្រាប់អាណត្តិថ្មីនេះ​សហព័ន្ធ​បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ជាច្រើន ទាំងការងារដឹកនាំ និងការងារអភិវឌ្ឍន៍ធនធាន មនុស្ស ដើម្បីឆ្លើយតបទៅនឹងផែនការដាក់ចេញរបស់រដ្ឋាភិបាលធ្វើយ៉ាងណាស្វែងរកមេដាយ ឱ្យ​បានពីស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះ។ ឯកឧត្តមបានស្នើ​ឱ្យ​គណៈកម្មាធិការប្រតិបត្តិ របស់សហព័ន្ធទាំងអស់គប្បីត្រូវខិតខំរួមគ្នាធ្វើយ៉ាងណាជំរុញការ អភិវឌ្ឍកីឡាមួយនេះឱ្យមានសក្តានុពលទាំងថ្នាក់ជាតិ និងអន្តរជាតិ។ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរបស់សហព័ន្ធពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ មានចំណូល ៤៤១.០០០.០០០រៀល និងចំណាយទៅវិញអស់ចំនួន ៤៤៣.១៤៨.០០០រៀល។ ហេតុនេះ សហព័ន្ធនៅជំពាក់គេចំនួន២.១៤៨.០០០ រៀលទៀត។ ឯកឧត្តម ជា ប៊ុនហេង បានប្រកាស ថា បំណុលនេះឯកឧត្តមទទួលសង បើទោះបីអាណត្តិមុនៗ ឯកឧត្តមមិនទាន់បានចូលរួម ជួយជ្រោមជ្រែងដល់ការអភិវឌ្ឍវិស័យកីឡាមួយនេះក៏ដោយ។

ក្នុងឋានៈជាអគ្គលេខាធិការអាណត្តិថ្មីនេះ ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានប្តេជ្ញាចិត្ត យ៉ាងមុតមាំថា ឯកឧត្តមនឹងប្រឹងប្រែង រួមចំណែកជាមួយថ្នាក់ដឹកនាំ ក្នុងអភិវឌ្ឍកីឡាទួកកានូ និងរ៉ូអ៊ីងនេះឱ្យកាន់តែរីចម្រើន ក្នុងគោលដៅឈានទៅ ប្រជែងមេដាយលើឆាកអន្តរជាតិ ជាពិសេសគឺត្រៀមធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

មហាសន្និបាតបានបង្ហាញថា មូលដ្ឋាន​ចំណូល​របស់​សហព័ន្ធនៅ​មិនទាន់​រឹងមាំ​​នៅ ឡើយ​ទេ ដោយការ​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ​នៅមានកម្រិត​។ ប្រភព នៃចំណូលទទួលបានការជួយឧបត្ថម្ភគាំទ្រពីសម្តេចក្រឡាហោម ស ខេង និងមួយ​ចំនួន ទៀតទទួលបានការ​បដិភាគ​ចូលរួម​ពី​សហព័ន្ធ​ក្នុងការ​ស្នើសុំ​ទីតាំង​នៅតាម​បណ្តា​រាជ ធានី​-ខេត្ត ដើម្បី​ដាក់តាំង​ផ្សព្វផ្សាយ​លក់​ផលិតផល​ជាតិ​ និង​អន្តរជាតិ​​។​ជាមួយគ្នានោះសហព័ន្ធ​បាន​ប្តេជ្ញា​ថា សហព័ន្ធ​នឹង​ខិតខំ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ ក្នុងការ​ស្វែងរក​ជំនួយ​, ប្រើប្រាស់​ថវិកា​ឱ្យ​បាន​ត្រឹមត្រូវ​, ជំរុញ​ការស្វែងរក​វិភាគទាន​ពី​គណៈកម្មការ​ទ្រទ្រង់​របស់​សហព័ន្ធ និង​ការបង់​សមាជិកភាព​ពី​ក្លិប​-​សមាគម​, ស្វែងរក​ដៃគូ និង​ក្រុមហ៊ុន​ឯកជន ដើម្បី​រៀបចំ​ឧស្សាហកម្ម​កីឡា និង​បង្កើន​ទំនាក់ទំនង​ល្អជា​សប្បុរសជន ដើម្បី​បង្កើន​ប្រភព​ចំណូល​និងទ្រទ្រង់ដល់ដំណើរការរបស់ខ្លួនផងដែរ៕

ដោយ ហេង ណាលីន