រាជរដ្ឋាភិបាលជំរុញការលើកកម្ពស់វិស័យសហគ្រាសធុនតូចនិងមធ្យម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ី កនិកា ៖

រាជរដ្ឋាភិបាលជំរុញការលើកកម្ពស់វិស័យសហគ្រាសធុនតូចនិងមធ្យមដែលជាចលករមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចបង្កើតឱកាសការងារនិងបង្កើនសមត្ថភាពផលិតភាពក្នុង ស្រុក ។
រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចាប់ផ្តើមបានរៀបចំបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ, ធនាគារសហគ្រាសធុនតូច និងមធ្យម, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និង មជ្ឈ- មណ្ឌលលើកកម្ពស់សហគ្រិនភាព ដើម្បីជួយទៅដល់វិស័យការលើកកម្ពស់វិស័យសហគ្រាសធុនតូចនិងមធ្យមឲ្យមានប្រសិទ្ធភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម ដែលទទួលបាននូវការលើកទឹកចិត្តដូចជាការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ៣ (បី) ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាស ចុះបញ្ជីថ្មី ឬ ចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមាន។ បន្ថែមពីទៀតការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៥ (ប្រាំ) ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់ សហគ្រាសចុះបញ្ជីថ្មី ឬ ចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ។
ប្រភពដ៏ដែលបន្តថា វិស័យអាទិភាពសម្រាប់ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ រួមមាន៖ ទី(១) ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម, ទី(២) ផលិត និងកែច្នៃម្ហូបអាហារ, ទី(៣) កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុកកែច្នៃកាកសំណល់, និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍, ទី(៤) កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យ កម្មន្តសាលដទៃទៀត, ទី(៥) ស្រាវជ្រាវ និង អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេក-វិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍ និង (៦) សហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម, និង សហគ្រាសដែលអភិវឌ្ឍតំបន់នេះ ។
សូមបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម ត្រូវកាន់បញ្ជីគណនេយ្យ និងដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ទៅតាមកាលកំណត់ជូនរបស់រដ្ឋបាលសារពើពន្ធ ទោះបីជាត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល និងត្រូវដាក់លិខិតប្រកាសបង់ពន្ធអាករដទៃទៀតតាមច្បាប់ និងបទប្បញ្ញតិ្តស្តីពីពន្ធដារជាធរមាន ៕​