ក្រសួងសាធារណការប្ដេជ្ញាបិទយាន្តដ្ឋានកែច្នៃរថយន្ដខុសបច្ចេកទេសឲ្យអស់ក្នុងឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា៖


រដ្ឋមន្រ្ដីក្រសួងសាធារណការ បានប្ដេជ្ញាបិទយានដ្ឋានកែច្នៃរថយន្ដខុសបច្ចេកទេសឲ្យអស់ក្នុងឆ្នាំ២០១៩នេះ ដើម្បីកាត់បន្ថយការប្រើប្រាស់រថយន្តខុសស្តង់ដារបទដ្ឋានបច្ចេកទេសដែលបង្ក
គ្រោះថ្នាក់ចរាចរណ៍ និងខូចខាតផ្លូវថ្នល់ជាដើម។


ក្នុងពិធីបើកសន្និបាទបូកសរុបការងារក្រសួងសាធារណការ និងដឹកជញ្ជូនឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី៩ ខែមករានេះ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានណែនាំដល់មន្រ្តីក្រោមឱវាទត្រូវពង្រឹងវិធានការណ៍ចុះត្រួតពិនិត្យកន្លែងកែច្នៃរថយន្ដខុសបច្ចេកទេសនៅតាមរាជធានីខេត្តក្រុងស្រុកខណ្ឌ ដើម្បីឈានទៅដល់បិទកន្លែងទាំងនោះឲ្យអស់ បន្ទាប់ពីមានហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍លើដងវិថី និងបំផ្លាញផ្លូវមកពីការដឹកលើសទម្ងន់ របស់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសជារៀងរាល់ថ្ងៃនោះ។
ឯកឧត្ដមរដ្ឋមន្រ្តីបានបញ្ជាក់ថា នៅទូទំាងប្រទេសនៅមានយាន្តដ្ឋានកែច្នៃរថយន្តខុសចប្ចេកទេសរាប់រយកន្លែង ដែលអត់មានច្បាប់ទំលាប់ ដែលជាក្តីបារម្ភពាក់ព័ន្ធនិងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្នុង១ឆ្នាំៗ រាជរដ្ឋាភិបាលចំណាយថវិការាប់រយលានដុល្លារ ដើម្បីជួសជុលកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ដោយសារតែការដឹកជញ្ជូនទំនិញលើសទំងន់នៃរថយន្តកែច្នៃតទ្រុងសំពីងសំពោង។
យោងរបាយការណ៍របស់អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ត្រីមាសទី៣ ឆ្នាំ២០១៨ កន្លងមកក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ខេត្ត បានត្រួតពិនិត្យយានយន្តទូទាំងប្រទេសចំនួន ៥៥.៧៣៧គ្រឿង ក្នុងនោះបានកាត់ទ្រុងចំនួន១៦៦គ្រឿង , ដោះរានតក្រោយរថយន្តចំនួន១៨១គ្រឿង និងរថយន្តគ្មានស្លាកលេខចំនួន១២៩គ្រឿង៕