ស្លាប់៦នាក់ដោយការបាក់ផ្ទាំងទឹកកកក្នុងប្រទេសអូទ្រីស

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ — មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ ដែលជាលទ្ធផលមួយនៃការបាក់ផ្ទាំងទឹកកកនៅក្នុង ប្រទេសអូទ្រីសចាប់តាំងពីថ្ងៃសៅរ៍មក ហើយគេរំពឹងថា នឹងមានព្រិលច្រើនទៀតមកដល់ក្នុងអំឡុងសប្តាហ៍នេះ ។

កាសែតអូទ្រីសដ៏ធំបំផុតឈ្មោះ Krone បាននិយាយពីថ្ងៃចន្ទ នៅលើវេបសាយ របស់ខ្លួនថា គូស្រករវ័យក្មេងមួយគូត្រូវបានប្រទះឃើញស្លាប់ ដោយក្រុមរុករកនិងជួយសង្គ្រោះកាលពីថ្ងៃចន្ទ បន្ទាប់ពីគេរាយការណ៍ពីការបាត់ខ្លួននៅក្នុងតំបន់ Tennengau Salzburg កាលពីថ្ងៃសៅរ៍ ។

អ្នកដើលេងដោយពាក់ស្បែកជើងសម្រាប់ដើរលើព្រិលទាំងពីរនាក់នេះ បានកប់នៅក្រោមព្រិល កម្រាស់ពីរម៉ែត្រ ដែលបង្កឡើងដោយការបាក់ផ្ទាំងទឹកកកមួយ ។ ពួកអាជ្ញាធរបាននិយាយថា ប្រតិបត្តិការរុករកមានការលំបាកយ៉ាងខ្លាំង ដោយសារធាតុអាកាសមិនល្អ ព្រមជាមួយគ្រោះថ្នាក់នៃការបាក់ផ្ទាំងទឹកកកថែមទៀត ដែលបានបង្ហាញឱ្យឃើញសម្រាប់ក្រុមអ្នកជួយសង្គ្រោះ ។

សេចក្តីរាយការណ៍បាននិយាយថា មនុស្ស៤នាក់ទៀតក៏បានស្លាប់ផងដែរដោយសារការបាក់ផ្ទាំង ទឹកកក កាលពីចុងសប្តាហ៍កន្លងទៅដែលរួមមានជនជាតិអាលឺ្លម៉ង់២នាក់ , ស្វីសម្នាក់ និងស្លូវេនីម្នាក់ ។ វិជ្ជាស្ថានកណ្តាលសម្រាប់ឧតុនិយម និងឌីណាមិកប្រថពីបានចេញការព្រមានជាបន្តមួយកាលពីថ្ងៃចន្ទដោយនិយាយថា គេរំពឹងថា នឹងមានព្រិលកម្រាស់ពី៣០ទៅ៨០សង់ទីម៉ែត្រ នៅក្នុងតំបន់ជាច្រើននៃ ប្រទេសនេះចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ។

នៅក្នុងតំបន់ជាច្រើនការព្រមានការបាក់ផ្ទាំងទឹកកក បច្ចុប្បន្នមានកម្រិត៤ ពីក្នុងកម្រិតអតិបរមា៥ ហើយពួកអ្នកលេងកីឡារដូវរងា ត្រូវបានគេទទូចឱ្យស្ថិតនៅតែក្នុងតំបន់លេងស្គី ដែលគេបានកំណត់ ប៉ុណ្ណោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )