សិង្ហបុរី និងម៉ាឡេស៊ីឯកភាពលើវិធានការនានា ដើម្បីបន្ធូរបន្ថយភាពតានតឹងតាមដែនអាកាស និងដែនសមុទ្រ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩​ — យោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសសិង្ហបុរី និងម៉ាឡេស៊ីកាលពីថ្ងៃទី០៨ ខែមករា បានឱ្យដឹងថា ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីបានឯកភាពគ្នាក្នុងការបង្កើតវិធានការនានា ដើម្បីបន្ធូរបន្ថយភាពតានតឹងតាមដែនអាកាស និងដែនសមុទ្រ។

ភាគីទាំងពីរបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការថែរក្សាទំនាក់ទំនងដ៏សំខាន់រវាងប្រទេសទាំងពីរ និងដើម្បីលើកកម្ពស់ចំណងទាក់ទងទ្វេភាគីលើមូលដ្ឋានសមភាព និងគោរពគ្នាទៅវិញទៅ មក។

ពួកគេក៏បានឯកភាពគ្នាផងដែរអំពីសារៈសំខាន់ នៃការរក្សាស្ថានការណ៍នៅលើភាពស្ងប់ស្ងាត់នៅដែនដីគោក ដើម្បីអនុញ្ញាតឱ្យកិច្ចពិភាក្សាអាចប្រព្រឹត្តទៅបានក្នុងបរិយាកាសអំណោយផល។

វិធានការនេះរួមមានការផ្អាកជាបណ្ដោះអាសន្ននូវតំបន់ហាមឃាត់ នៅក្នុងប្រទេសម៉ាឡេស៊ីជិត ព្រំដែនជាមួយសិង្ហបុរី និងនីតិវិធីចុះចតឧបករណ៍នៅព្រលានយន្តហោះ Seletar របស់សិង្ហបុរី។

នៅលើដែនសមុទ្រ ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើតក្រុមការងារមួយ ដើម្បីពិភាក្សាអំពីបញ្ហា ព្រំដែន។ កាលពីខែមុន សិង្ហបុរីបានប្រឆាំងនឹងផែនការរបស់ប្រទេសម៉ាឡេស៊ីក្នុងការពង្រីកដែនកំពង់ផែមួយ ដោយបាននិយាយថា វានឹងក្លាយជាការរំលោភលើដែនសមុទ្រ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)