ក្បាលរថភ្លើងថ្មី៣គ្រឿង នឹងប្រើសម្រាប់តភ្ជាប់អាកាសយានដ្ឋានភ្នំពេញ ក្រុងព្រះសីហនុ និងប៉ោយប៉ែត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្បាលរថភ្លើងថ្មីទើបមកដល់ប្រទេសកម្ពុជាចំនួន៣គ្រឿង នឹងត្រូវបានប្រើប្រាស់សម្រាប់ការ ដឹកជញ្ជូនលើផ្លូវដែក ទាំងការតភ្ជាប់ពីស្ថានីយអាយស្ម័យានភ្នំពេញ ទៅកាន់កំណត់ខ្សែអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ។


ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារក្នុងឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៩ ខែមករានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្បាលរថភ្លើងចំនួន៣គ្រឿងដែលមកដល់ក្រុងព្រះសីហនុ ក្រោយបញ្ជាទិញពីបរទេសនេះ នឹងត្រូវធ្វើពិធីសម្ពោធ ដាក់ឲ្យដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្តមបន្តថា ខ្សែរថភ្លើងភាគទិសពាយ័ព្យរបស់កម្ពុជាដែលភ្ជាប់ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ថៃ ហើយភ្ជាប់ដល់ប្រទេសសិង្ហបូរីនោះ នឹងត្រូវតភ្ជាប់នាពេលឆាប់ៗនេះ ដើម្បីប្រែក្លាយជាច្រកភស្តុភារកម្មភ្ជាប់រវាងកម្ពុជាទៅកាន់តំបន់។ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ការដាក់ឱ្យដំណើរការផ្លូវរថភ្លើងទាំងនេះ គឺដើម្បីផ្តល់ជម្រើសក្នុងការធ្វើដំណើរដល់ប្រជាពលរដ្ឋ កាត់បន្ថយការចំណាយ ចំណេញពេលវេលា ព្រមទាំងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវ៉េ របស់អ្នកឧកញ៉ា គិត ម៉េង ដែលទទួលសិទ្ធិសម្បទានវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញក្បាលរថភ្លើងថ្មីចំនួន៣គ្រឿងពីប្រទេសម៉ិចស៊ីកូ ដោយក្នុងក្បាលរថភ្លើងមួយតម្លៃប្រហែល១លានដុល្លារអាមេរិក បន្ថែមពីក្បាលរថភ្លើងមានស្រាប់ចំនួន២គ្រឿង សម្រាប់ដឹកអ្នកដំណើរតាមប្រព័ន្ធដឹកជញ្ជូនផ្លូវដែក។ ក្បាលរថភ្លើងនេះ ត្រូវភ្ជាប់នឹងទូររថភ្លើងដែលអាចផ្ទុកចំនួនអ្នកដំណើរជាង១០០នាក់។
ផ្លូវដែកភាគខាងជើងនេះ ត្រូវបានទុកជាផ្លូវសេដ្ឋកិច្ចមួយដ៏មានសក្ដានុពលក្នុងការដឹកជញ្ជូនផលិតផលនានារបស់បងប្អូនទៅកាន់ទីផ្សារក្នុងតំបន់ និងពិសេសលើសពីនេះទៅទៀត គឺការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ដែលប្រជាពលរដ្ឋអាចដឹកទំនិញពីកម្ពុជាទៅថៃ និងដឹកទំនិញពីប្រទេសថៃមកកម្ពុជាវិញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងចំណាយតិច ព្រោះថា ផ្លូវដែកនេះនឹងត្រូវតភ្ជាប់ជាមួយផ្លូវដែកប្រទេសថៃ នាពេលខាងមុខដ៏ខ្លីនេះ។ មួយផ្នែកទៀត ផ្លូវនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថា្នក់ចរាចរណ៍ និងផ្ដល់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន៕