សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះ សំណាលជាមួយកម្មករ កម្មការិនីជាង១៨.២០០នាក់នៅខេត្តតាកែវ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០១៩នេះ បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោ ជិតចំនួន១៨,២៧៣នាក់ មកពីរោងចក្រ សហ គ្រាសចំនួន១២ នៅក្នុងខេត្តតាកែវ ។ 

កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅក្រុមហ៊ុនKuantech(Cambodia) Corporation Limited ស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់  ខេត្ត តាកែវ ។

ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ កម្មការិនីនៅថ្ងៃនេះ គឺជាជំនួបលើកទី៣ដែលសម្តេចតជោ បានជួបជាមួយបងប្អូនកម្មករនិយោជិត នៅក្នុខេត្តតាកែវនេះ។ ជំនួបសំណេះ សំណាលនៅថ្ងៃនេះដែរ ក៏ជាជំនួបលើកទី៦២ ហើយ ចាប់តាំងពីថ្ងៃទី២០ខែសីហាឆ្នាំ២០១៧ រហូតថ្ងៃទី០៨ខែមករាឆ្នាំ២០១៩នេះ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមនិងបងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធដែលមានចំនួនសរុប៨៩៤.៧៤៧នាក់។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោង ចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ មកពីស្រុកត្រាំកក់ចំនួន៦ មានកម្មករនិយោជិតចំនួន ១៦.២៧១នាក់ ស្រុកសំរោងចំនួន១ មានកម្មករនិយោជិតចំនួន៩២៦នាក់ និងមកពីស្រុកបាទីចំនួន៥ មានកម្មករនិយោជិតចំនួន១.០៧៦នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន ១១ និងកម្ពុជាចំនួន១ ។ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៥ , ផលិតស្បែកជើងចំនួន៤ , ផលិតកាបូបចំនួន៤, ផលិតកេសកាតុងចំនួន២,ផលិតកាបូបចំនួន១,ផលិតគ្រឿងបន្ទាប់បន្សំសម្រាប់ទូរស័ព្ទចល័តចំនួន១ និងសក់សិប្បនិមិត្តចំនួន១។   

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា បច្ចុប្បន្នខេត្តតាកែវមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន១៦៤ មានកម្មករនិយោជិតចំនួន៤៨.១៦៨នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ១៦៣លានដុល្លារ ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងចំនួន៥១ មានកម្មករ និយោជិតចំនួន៣៩.៩៤៣នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង១៣៥លានដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្តម អ៉ិត សំហេង បានចាត់ទុកវត្តមានរោងចក្រ សហគ្រាស នៅក្នុងខេត្តកណ្តាល គឺជា ជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយជាផលប្រយោជន៍ជាច្រើនសម្រាប់កម្មករ កម្មការិនី ហើយបញ្ហាមួយចំនួនដែលប្រឈមសម្រាប់ការរស់នៅរបស់កម្មករ កម្មការិនី ក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ។

ឯ.ឧ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តាណាតាលវិជ្ជាជីវៈ: បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងកំពុងបន្តតាមដានការអនុវត្តអនុសាសន៍១០ចំណុចរបស់សម្តេចតេជោនាយរដ្ឋមន្រ្តី។