រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកអង្គការស្បៀងអាហារពិភពលោកជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់លើវិស័យស្បៀងអាហារ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកអាត ចន្ធូ

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចាត់ទុកលើកឡើងថា អង្គការស្បៀងអាហារពិភពលោក(WFP)បានក្លាយជា ដៃគូយុទ្ធសាស្រ្តដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យស្បៀងអាហារ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការល្អជួយលើកកម្ពស់សន្តិសុខស្បៀងនិងចំណីអាហារនៅកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចជាស្រេចហើយក្នុងកិច្ចសហការ ជាមួយអង្គការស្បៀងអាហារពិភពលោកបន្តទៀតដើម្បីពង្រឹងការងារលើកកម្ពស់សន្តិសុខស្បៀងនៅកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នេះបើតាមការឲ្យដឹង ពីឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយ ជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី Francesca Erdelmann តំណាងថ្មីអង្គការស្បៀង អាហារពិភពលោក ប្រចាំកម្ពុជា (WFP) នាព្រឹកថ្ងៃទី៨ ខែមករានេះនៅទីស្ដីការក្រសួងការបរទេស។
ឯកឧត្តម កេត សោផាន់បានលើកឡើងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានថ្លែងថា អង្គការស្បៀងអាហារពិភពលោកក្នុងរយៈពេល៤០ឆ្នាំមកនេះបានជួយកម្ពុជាយ៉ាងច្រើនហើយបានប្រែក្លាយទៅជាដៃគូយុទ្ធសាស្រ្តដ៏ល្អលើវិស័យស្បៀងអាហារនៅកម្ពុជា។
សំឡេង៖ ឧបនាយករដ្ឋមន្ត្រី ក៏លោកបានថ្លែងអំណរគុណ កម្មវិធីស្បៀងអាហារពិភពលោក ដែលបានជួយដល់ប្រជាជនកម្ពុជា ក្នុងគ្រាលំបាក ពីឆ្នាំ១៩៧៩ ក្នុងពេលដែលយើខ្វះស្បៀងអាហារ ។ ពេលនេះកម្មវិធីស្បៀង អាហារពិភពលោក បានប្ដូរតួនាទីរបស់ខ្លួន ពីការផ្ដល់ស្បៀងសម្រាប់ប្រជាជន ទៅជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងការជួយអនុវត្តន៍ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ប្រកបដោយចីរភាព របស់កម្ពុជា ។
លោកស្រី Francesca Erdelmann តំណាងអង្គការស្បៀងអាហារពិភពលោក បានអះអាងថា កម្មវិធីស្បៀងអាហារពិភពលោកនឹងមានផែនការយុទ្ធសាស្រ្តជាតិសម្រាប់ប្រទេសកម្ពុជានឹងបានអនុម័យនាពេលឆាប់ៗនេះ។លោកស្រីបានបញ្ជាក់ថា ទោះបីផែនការយុទ្ធសាស្រ្តរបស់អង្គការស្បៀងអាហារពិភពលោកមិនបានអនុម័តក៍ដោយ តែលោកស្រីបានមើលឃើញផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពត្រូវគ្នាច្រើន ហើយមានគុណតម្លៃដើម្បីលើកស្ទួយសន្តិសុខស្បៀងនៅកម្ពុជា។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់វិភាគទានជាអង្ករ ដល់អង្គការស្បៀង អាហារពិភពលោក ចំនួន២ពាន់តោន ដែលគិតជាទឹកប្រាក់ ស្មើនឹង១លាន២សែនដុល្លារអាមេរិក ៕