ប្រទេសសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) បានបញ្ជូនសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣៨ មកកាន់សភា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

កម្ពុជាប្រទេសសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) បានបញ្ជូនសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣៨ មកកាន់សភាកម្ពុជាដែលជាប្រធានអង្គប្រជុំ ដើម្បីសុំការអនុម័តក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច ប្រជុំលើកទី២៧ នៅខេត្តសៀមរាប នាពាក់កណ្តាលខែមករានេះ។

ថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី៨ ខែមករានេះ ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាកម្ពុជា និងជាប្រធានលេខាធិការដ្ឋានជាតិ រៀបចំវេទិកា APPF នៅកម្ពុជា បានបញ្ជាក់ថា សេចក្តីព្រាងសេចក្តីសម្រេចទាំងនោះពាក់ព័ន្ធនឹងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ការកសាងទំនុកចិត្ត ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់ ជាដើម។ ឯកឧត្តម បានបន្តថា ក្រុមការងារបានពិនិត្យខ្លឹមសារសេចក្តីព្រាងសេចក្តីសម្រេចទាំងនេះ យ៉ាងល្អិតល្អន់ និងធ្វើការស្រាវជ្រាវពីលទ្ធផលនៃកិច្ចប្រជុំឆ្នាំមុនៗ ដើម្បីជាឯកសារជំនួយស្មារតី ធ្វើយ៉ាងណាឲ្យការប្រជុំនេះទទួលបានជោគជ័យ ឆ្លើយតបសភាពការណ៍ជាក់ស្តែងបម្រើដល់ផលប្រយោជន៍រួម។

សភាកម្ពុជា បានទទួលធ្វើជាប្រធានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់តំបន់នេះ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ខែមករា ក្រោមមូលបទស្តីពី «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព» សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរបស់សភា ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាប្រកបដោយការទទួលខុសត្រូវ ដើម្បីវឌ្ឍនភាពសង្គម។

ឯកឧត្តម ឡេង ប៉េងឡុង បានឲ្យដឹងថា កិច្ចប្រជុំដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ មានប្រទេសជាសមាជិកចំនួន២០ចូលរួមដូចជា៖ អូស្ត្រាលី ឡាវ សហព័ន្ធរុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន ហ្វីជី ម៉ុងហ្គោលី ណូវ៉ែលហ្សឺឡង់ ម៉ិចស៊ីកូ ជប៉ុន ថៃ កូរ៉េខាងត្បូង ឈីលី ប៉ាពួញូហ្គីនៀ សិង្ហបូរី ជាដើម។ ចំណែក គណៈប្រតិភូប្រទេសហ្វីលីពីន សុំលុបចោលមិនបានចូលរួមវិញ ដោយសារមានធុរៈចាំបាច់។

វេទិកាAPPF ត្រូវបានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នមានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ ចំណែកសភាកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥ ដើម្បីចូលរួមស្វែងសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕