តួកគីៈ ការដកចេញពីស៊ីរី របស់អាម៉េរិកគប្បីរៀបចំឱ្យបានប្រុងប្រយ័ត្ន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ — ប្រធានាធិបតីប្រទេសតួកគី លោក រ៉េសេប តាយីប ​អែរដូហ្គាន ( Recep Tayyip Erdogan ) បាននិយាយពីយប់ថ្ងៃចន្ទថា ការដកចេញរបស់អាម៉េរិកពីប្រទេសស៊ីរីគេគប្បីរៀបចំដោយប្រុងប្រយ័ត្ន ​ព្រមទាំងធ្វើឡើងក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូឱ្យបានត្រឹមត្រូវ ដើម្បីការពារខ្លួនឯងផ្ទាល់ , សហគមន៍អន្តរជាតិ​ ព្រមទាំងប្រជាជនស៊ីរី ។

នៅក្នុងការផ្សាយមួយដោយកាសែតញូវយ៉កថែម លោក អែរដូហ្គាន បាននិយាយថា ប្រទេសរបស់លោក គឺជាប្រទេសតែមួយ ដែលមានអំណាច នឹងការសន្យាដើម្បីអនុវត្តន៍ នូវភារកិច្ចនេះ ។
ចំពោះកិច្ចប្រឹងប្រែងដើម្បីធ្វើឱ្យរដ្ឋអ៊ីស្លាម (​ IS ) បរាជ័យទាំងស្រុងនោះលោក អែរដូហ្គាន បាននិយាយថា ប្រទេសតួកគីសង្ឃឹមលើការគាំទ្រជាអន្តរជាតិ នៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីកំចាត់ក្រុមនេះ ។
លោកក៏បានសង្កាត់ធ្ងន់ផងដែរថា ប្រទេសតួកគីគឺជាអ្នកចូលរួមតែមួយដែលអាចធ្វើការដំណាលគ្នាជាមួយអាម៉េរិក និងរុស្ស៊ី ។

លោក អែរដូហ្គាន បាននិយាយថា ប្រទេសតួកគី កំពុងស្ម័គ្រចិត្តដើម្បីទទួលយកនូវបន្ទុកដ៏ធ្ងន់នេះ ក្នុងពេលយ៉ាងសំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រ ។ យើងកំពុងគិតថា សហគមន៍អន្តរជាតិ នឹងឈរនៅជាមួយយើង ។
កាលពីខែកន្លងទៅប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសនូវជ័យជម្នះលើពួក IS នឹងបានប្រកាសថា កងកម្លាំងអាម៉េរិកនឹងត្រឡប់មកប្រទេសវិញក្នុងពេលឆាប់ៗនេះ ដែលបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមពួកមន្ត្រីនានា នៅក្នុងក្រុងវ៉ាស៊ីងតោន និងសម្ព័ន្ធមិត្តនៅបរទេស ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )