ប្រធានាធិបតីលីបង់ប្តេជ្ញាមិនពន្យារកិច្ចប្រជុំកំពូល សេដ្ឋកិច្ចអារ៉ាប់ក្នុងក្រុងបៃរុតទេ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែ មករា  ឆ្នាំ២០១៩ — ប្រធានាធិបតីប្រទេសលីបង់ លោក MiChel Aoun បានធ្វើការធានាកាលពីថ្ងៃចន្ទថា កិច្ចប្រជុំកំពូលអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមអារ៉ាប់ នឹងត្រូវគេធ្វើតាមពេលកំណត់នៅចុងខែនេះ ក្នុងទីក្រុងបៃរុត ។

វេបសាយប្រធានាធិបតី បានដកស្រង់សម្តី លោក Aoun  ដែលនិយាយថា វត្តមានរដ្ឋាភិបាលមួយក្នុងប្រទេសលីបង់មិនមែនជាហេតុផលមួយសម្រាប់ការពន្យារពេលកិច្ចប្រជុំកំពូលនេះទេ ពីព្រោះរដ្ឋាភិបាលចាំផ្ទះកំពុងអនុវត្តន៍នូវអំណាចរបស់ខ្លួនស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ។។

លោក Aoun  បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងកិច្ចប្រជុំរបស់លោកជាមួយទីប្រឹក្សាប្រធានាធិបតីប្រទេសទុយនីស៊ី លោក Lazhar Al- Qorawi Al-Chabi  ដែលបានធ្វើទស្សនកិច្ចប្រទេសលីបង់ ដើម្បីអញ្ជើញ លោក Aoun ឱ្យចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ដែលបានគ្រោងធ្វើនៅក្នុងខែមីនា ក្នុងប្រទេស  ទុយនីស៊ី ។

កាលពីដើមខែនេះប្រភពនយោបាយនានា បានប្រាប់កាសែតក្នុងស្រុក Al Jumhouriya លេខាធិ ការដ្ឋានសម្ព័ន្ធអារ៉ាប់កំពុងធ្វើការពិចារណា នូវលទ្ធភាពនៃការពន្យារពេលកិច្ចប្រជុំកំពូល អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមអារ៉ាប់ ដោយការពន្យារពេលកិច្ចប្រជុំកំពូលអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមអារ៉ាប់ដោយសារអវត្ត មាននៃរដ្ឋាភិបាលមួយនៅក្នុងប្រទេសលីបង់ ។

លោក Rafic Chlala  អ្នកនាំពាក្យកិច្ចប្រជុំកំពូលក្រុងបៃរុត និងជាទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយរបស់ ប្រធានាធិបតីលីបង់ បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសលីបង់មិនទាន់បានទទួលសំណើរណាមួយ ពីសម្ព័ន្ធអារ៉ាប់ ឬអង្គភាពដទៃណាមួយសម្រាប់ការពន្យារពេលកិច្ចប្រជុំនេះនៅឡើយទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន  )