រាជរដ្ឋាភិបាលបើកទូលាយនូវកិច្ចសន្ទនា ដ៏ស្មោះសជាមួយបណ្តាគណបក្សនយោបាយនិងសង្គមស៊ីវិល

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

សម្តេចតេជោហ៊ុនសែនបានអះអាងថា រាជរដ្ឋាភិបាលបានបើកទូលាយនូវកិច្ចសន្ទនា ដ៏ស្មោះសជាមួយបណ្តាគណបក្សនយោបាយនិងសង្គមស៊ីវិល ដើម្បីរួមគ្នាបន្តការអភិវឌ្ឍកម្ពុជាអោយកាន់តែរីកចំរើន ហើយបំរើប្រជាពលរដ្ឋអោយចំគោលដៅ។
ក្នុងមហាមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា១៩៧៩ ៧មករា ២០១៩ នៅព្រឹកថ្ងៃទី៧ ខែមករានេះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា ការពង្រីកកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងបណ្តាគណបក្សនយោបាយបាយ មានគោលដៅប្រមែប្រមូលគំនិតបញ្ញា និងធនធានមនុស្សគ្រប់ប្រភព ដោយគ្មានការបែងចែករើសអើង ដើម្បីបង្កើនកម្លំាងសរុបក្នុងកិច្ចការកសាងជាតិនិងអភិវឌ្ឍន៍ជាតិ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ភាពកក់ក្តៅសុខដុមរមនានិងការរីកចំរើននៃសង្គមជាតិគឺកើតចេញពីទឹកចិត្តយោគយល់គ្នា និងចេះអធ្យាស្រ័យអត់ឱនអោយគ្នាទៅវិញទៅមករវាងគ្រប់និន្នាការ និងការហ៊ានទទួលយកការរិះគន់ដើម្បីស្ថាបនានិងការគោរពច្បាប់ទំាងអស់គ្នា។ សម្តេចបន្តថា កម្ពុជាមិនត្រូវដើរជាន់ដានប្រវត្តិសាស្រ្តដែលធ្វើឲ្យបែកបាក់ជាតិ ដែលបណ្តាលមកពីប្រភពមហិច្ឆតារបស់អ្នកនយោបាយដែលយកប្រជាជនធ្វើជាឧបករណ៍ ដើម្បី សម្រេចផលប្រយោជន៍ផ្ទាល់ខ្លួន ដោយពុំគិតពីជោគវាសនារបស់ជាតិនោះទេ។

សង្គមកម្ពុជាមានលក្ខណៈសេរី បើកចំហ និងគោរពតម្លៃមនុស្សនិងផ្ដល់ថាមពលគ្មានកំណត់ដល់ការអភិវឌ្ឍសមត្ថភាពនិងការច្នៃប្រឌិតបង្កើតថ្មីរបស់បុគ្គលម្នាក់ៗក្នុងការចូលរួមស្ថាបនាជាពិសេសសម្រាប់ស្រទាប់យុវវ័យដ៏ច្រើនកុះករដែលទទួលការបណ្ដុះបណ្ដាលនៅគ្រប់ទិសទីព្រមទាំងទទួលនូវមរតកស្នាដៃចំណេះដឹងគំនិតបញ្ញា រួមជាមួយនឹងបទពិសោធន៍ពីអ្នកជំនាន់មុននិងដែលកំពុងបង្ហាញនូវភាពស្វាហាប់ក្នុងការបំពេញការងារ គ្រប់ផ្នែកនៅទូទាំងប្រទេសព្រមទាំងវិស័យសាធារណៈនិងវិស័យឯកជន ។ជាមួយនឹងប្រឹងប្រែងឥតសំចៃ កម្លាំងកាយកម្លាំងចិត្តប្រាជ្ញានិងស្មារតី យើងពិតជាសម្រេចបាននូវគោលដៅដ៏ឧត្ដុង្គឧត្ដមគឺការកសាងកម្ពុជាអោយកាន់តែ រីកចំរើនក្លាយទៅជាប្រទេស ជឿនលឿនមួយនិងជា សង្គមមួយប្រកបដោយអរិយធម៌ និងសេចក្តីស្រលាញ់ ដោយគ្មានការកើតឡើងជាថ្មីនៃសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចមុនទៀតឡើយ។ ក្នុងស្មារតីនេះយើងប្ដេជ្ញាដាច់ខាតថែរក្សាឲ្យបានគង់វង្សនិងរឹងមាំ នូវសុវត្ថិភាពនិងរាល់សមិទ្ធផលនៃការអភិវឌ្ឍដែលសម្រេចបានដោយលំបាកលំបិនជាមួយនិងពលិកម្មដ៏ធំធេងមិនឲ្យកម្លាំងណាមកបំផ្លាញបានឡើយ។មានសន្តិភាពទើបមានការអភិវឌ្ឍន៍មានការអភិវឌ្ឍន៍ខ្លាំងក្លា ទើបធានាបានសុខសន្តិភាពស្ថិរភាព ស្ថិតស្ថេរចីការ៕