រាជរដ្ឋាភិបាលអះអាងពីកត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយ បានបង្កើតឱកាសមាស ដល់កម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា កក្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានបង្កើតឱកាសមាសជាច្រើនដល់កម្ពុជាក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ដែលសម្រេចបានសមិទ្ធផលយ៉ាងធំធេង គួរជាទីមោទនៈ ក្នុងរយៈពេលជាង២សតវត្សរ៍ចុងក្រោយ។
ថ្លែងក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា១៩៧៩-៧មករា២០១៩) នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ឲ្យដឹងថា ផ្ដើមចេញពីកក្តាសុខសន្តិភាពពេញផ្ទៃប្រទេស បានធ្វើឲ្យកម្ពុជាសម្រេចបាននូវការកែប្រែមុខមាត់ថ្មីៗជាច្រើន ដែលគ្មានអ្នកណាអាចនឹកស្មាន ដល់។ សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាបានក្លាយជាប្រទេសទទួលបានចំណាត់ថ្នាក់ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦លើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យមជាង៧ភាគរយក្នុងមួយឆ្នាំៗ តាមរយៈការរីកចំរើនក្នុងកម្រិតដ៏ខ្ពស់ជាប់មិនដាច់ នៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្មទេសចរណ៍ អចលនទ្រព្យ គមនាគមន៏ និងការដឹកជញ្ជូន។
សម្លេង«ជាលទ្ធផលសេដ្ឋកិច្ចជាតិ បានរីកចំរើនធំធាត់យ៉ាងឆាប់រហ័ស ជាក់ស្តែងពីផលិតផលក្នុងស្រុកសរុបបានកើនពីប្រមាណ ៣៦៤៩លានដុល្លារនៅឆ្នាំ២០០០ ដល់ប្រមាណ ២៤ ៦០៥លានដុល្លារនៅឆ្នាំ២០១៨។ ហើយរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ក៏កំពុងផ្លាស់ប្ដូរពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្មវិញ ផ្លូវ ស្ពាន បណ្តាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ មន្ទីរពេទ្យ សាលារៀន ត្រូវបានស្ថាបនាជាច្រើនស្អេកស្កះពាសពេញផ្ទៃប្រទេស រោងចក្រ សហគ្រាសកសិកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប អាគារខ្ពស់ៗ ដែលបានផ្ដល់ការងារជូនប្រជាពលជនរាប់លាននាក់នៅគ្រប់ទិសទី»។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់រយៈពេលខ្លីនិងមធ្យមខាងមុខ កម្ពុជារំពឹងនៅតែអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំនិ ងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំបន្តទៀត លើមូលដ្ឋាននៃសមិទ្ធកម្មវិស័យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏ទទួលបាននូវការកែលម្អកាន់តែប្រសើរឡើងជាលំដាប់ ដែលត្រូវបានឆ្លុះបញ្ចាំង តាមរយៈកំណើនចំណូលមធ្យមសម្រាប់មនុស្សម្នាក់ពីប្រមាណ ២៨៨ដុល្លា នៅឆ្នាំ២០០០ ដល់១៥៦៣ដុល្លានៅឆ្នាំ២០១៨ ។ បន្ថែមពីនេះទៀត អត្រានៃភាពក្រីក្រក៏បានធ្លាក់ចុះពីជាង៥៣ភាគរយ នៅឆ្នាំ២០០៤ មកនៅ ត្រឹមប្រមាណជាង១៣ភាគរយនៅឆ្នាំ២០១៤ និងត្រូវបានរំពឹងថា បន្តចុះមកនៅក្នុងរង្វង់១០ភាគរយនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្តេជ្ញាប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលទាបឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស៕