យុវជនបង្ហាញមោទនភាពចំពោះរាជរដ្ឋាភិបាលដែលបានរៀបចំទិវាចងចាំនៃប្រវត្ដិសាស្ដ្រ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា៖​

យុវជនបានបង្ហាញមោទនភាពចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំទិវាចងចាំនៃប្រវត្ដិសាស្ដ្រថ្ងៃ៧មករា ឆ្នាំ១៩៧៩-២០១៩ ជាខួបលើកទី៤០នៃ ជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។
យុវជនកម្ពុជា បានសម្ដែងការអបអសាទរនៃការប្រារព្ធ ថ្ងៃទី៧មករានេះ ដែលពួកគេបានអះអាងថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទីពីររបស់ប្រជាពលរដ្ឋខ្មែរ ដែលរួចផុតពីរបប ប៉ុលពត។
យុវជន សុតូ មីលៀ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានលើកឡើងថា បើទោះបីខ្លួនកើតមិនទាន់របបប្រល័យពូជសាសន៍ប៉ុលពត ប៉ុន្ដែយុវជនរូបនេះ បានបង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះគណបក្សប្រជាជនដែលបានផ្ដួលរំលំរបបមួយនេះ ដែលធ្វើឲ្យពួកគាត់មានសិទ្ធិសេរីភាព និងរស់រានមានជីវិតដល់សព្វថ្ងៃនេះ។
យុវជន សុតូ មីលៀ បន្ដថា ប្រជាជនកម្ពុជាមិនគួរមើលរំលងថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩នោះទេ ។
ចំណែក យុវជតី ធូ សុធានាត បានឲ្យដឹងដែរថា ការរំលឹកគុណ ថ្ងៃ៧មករាជាការល្អ ហើយប្រសិនបើ មិនមានថ្ងៃ៧ មករាទេនោះប្រទេសកម្ពុជា ក៏មិនមានសុខសន្តិភាព ប្រជាជនមិនអាចរស់នៅមានភាពសម្បូរណ៍ សប្បាយ ប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនដូចសព្វថ្ងៃនេះដែរ។ សូមបញ្ជាក់ថា ថ្ងៃ៧មករាឆ្នាំ២០១៩នេះគឺជាខួប៤០ឆ្នាំហើយ ដែលបានផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត ដោយជោយជ័យ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលៗនៃគណបក្សប្រជាជនកម្ពុជា ហើយបានធ្វើឲ្យប្រជាពលរដ្ឋរួចផុតពីការកាប់សម្លាប់ ហើយរស់នៅ ដោយភាពសុខដុមជួបជុំក្រុមគ្រួសារ។ ជាមួយគ្នានេះឆ្លងកាត់រយៈពេល៤០ឆ្នាំមកនេះ ក៏ធ្វើអោយមាតុភូមិកម្ពុជាជាទីស្នេហានៃយើងបានផ្លាស់ប្ដូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រង ក្រោមកំលាំងសាមគ្គី របស់ប្រជាជនកម្ពុជា ដែលបានពុះពារជម្នះគ្រប់ឧបសគ្គ បង្កើតបានសមិទ្ធិផលដ៏ធំធេងលើគ្រប់វិស័យជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណៈបក្សប្រជាជនកម្ពុជា៕