កម្ពុជាធ្វេីមហាមីទ្ទិញដ៏ធំនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរម្លឹកខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា មានអ្នកចូលរួមប្រមាណ ៧ ម៉ឺននាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​ លោក​ អ៊ូ​ កាណែល​​៖


ព្រឹកមិញនេះ កម្ពុជាបានរៀបចំមហាមីទ្ទិញដ៏ធំមួយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរម្លឹកខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា១៩៧៩-២០១៩ ដែលមានមន្រ្តីរាជការ អ្នកមុខអ្នកការ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា រួមទាំងមហាជន បានមកចូលរួមប្រមាណ ៧ ម៉ឺននាក់ ។

មហាមីទ្ទិញបានប្រព្រឹត្តធ្វើ ក្រោមអធិបតីសម្តេចទាំងទ្វេ គឺ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយសគណបក្សបក្ស និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ។


ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤០ នៃមហាជ័យជំនះ ជាប្រវត្តិសាស្ត្រ របស់ប្រជាជនកម្ពុជាលើរបបប៉ុលពត នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ និង ជាថ្ងៃកំណើតទី ២ ដែលបានសង្គ្រោះជាតិ ឱ្យមានជីវិតរស់ឡើងវិញ រួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ ដែលរបបដ៏ឃោរឃៅយង់ឃ្នងនេះបានបង្កឡើង។ គឺផ្តើមពីជ័យជំនះ៧ មករា នេះហើយ ដែលធ្វើឱ្យប្រជាជនកម្ពុជាមានអ្វីៗនៅថ្ងៃនេះ និងមានអនាគតប្រកបដោយក្តីសង្ឃឹម ។ខួបលើកទី ៤០នៃទិវាជ័យជំនះ ៧ មករា ឆ្នាំនេះ ប្រព្រឹត្តទៅក្នុងស្ថានភាពដែលសភាពការណ៍ទូទៅនៃព្រះរាជាណាចក្រកម្ពុជា កំពុងមានសុខសន្តិភាព ស្ថេរភាព និងការវិវត្តន៍ល្អលើគ្រប់វិស័យ ។


អ្វីៗ ទាំងអស់ដែលមានដូចសព្វថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់បាននូវគុណូបការៈដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា និងរឹតតែមិនអាចបំភ្លេចបានវីរភាពដ៏អង់អាចក្លាហានហ៊ានលះបង់សាច់ញាតិសាលោហិតនិងយកជីវិតធ្វើដើមទុន ដោយមិនស្តាយស្រណោះរបស់សម្តេចតេជោហ៊ុនសែន ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិនិងប្រជាជន ជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាមគ្គុទេ្ទសដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលដ៏សែនលំបាកនានាប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ ភាពអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិនិងប្រជាជន ។