សម្តេចតេជោ​ហ៊ុន​ សែន​ ប្រកាសប្តេជ្ញាធានាធំៗ៤យ៉ាងដើម្បីបំរើសេចក្តីសុខនិងសុខសន្តិភាពនៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​ និង​ លោក​ អ៊ូ​ កាណែល​​៖


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសប្តេជ្ញាពុះពារឲ្យសម្រេចបានការធានាធំៗចំនួន៤ យ៉ាង ដើម្បីជំរុញអោយកម្ពុជាមានសុខសន្តិភាព ការអភិវឌ្ឍ រីកចំរើន ហើយប្រជាពលរដ្ឋរស់នៅដោយភាពសុខក្សេមក្សាន្ត។


ប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសប្តេជ្ញាបង្កើនកិច្ចការពារសុខសន្តិភាព ដោយមិនអោយជនអគតិណាមួយមកបំផ្លិចបំផ្លាញសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាបានឡើយ។
សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្រធានគណបបក្សប្រជាជនកម្ពុជាបានថ្លែងនៅក្នុងមហាមីទ្ទីញអបអរសាទរខួប៤០នៃទិវាជ័យជម្នះ៧មករា ១៩៧៩ ៧មករា២០១៩ នៅព្រឹកថ្ងៃទី៧ ខែមករានេះថា គណបក្សប្រជននឹងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ហើយធានាធ្វើយ៉ាងណាឲ្យប្រពលរដ្ឋនៅតែរក្សាបានការរស់នៅដោយភាពសប្បាយរីករាយក្នុងសុខសន្តិភាពមិនភ័យខ្លាចបញ្ហាអសន្តិសុខ អស្ថេរភាពសង្គម និងការរស់នៅដោយទុក្ខវេទនាដូចសម័យប៉ុលពតពីអតីតកាលបានឡើយ។


សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ដើម្បីធានាឲ្យកម្ពុជានៅតែបន្តការអភិវឌ្ឍរីកចំរើន ហើយរក្សាបានសន្តិភាពជារៀងដរាបទៅនោះ ត្រូវផ្តោតលើកគោលការណ៍ធានា៤សំខាន់។
សម្លេងទី១ការធានា ការពារនូវសន្តិភាពស្ថិរភាពសន្តិសុខនិងសុវត្ថិភាពភូមិឃុំសម្រាប់ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាជននៅគ្រប់ទិសទីក្នុងផ្ទៃប្រទេសព្រមទាំងការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដីមិនឲ្យកំលាំងណាមករំលោភបំពាននិងបំផ្លាញបានឡើយ។


ទី ២ការធានាបន្តអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងគ្រប់វិស័យដោយផ្ដោតលើអាទិភាព ការកែទម្រង់អភិបាលកិច្ចសំដៅពង្រឹងស្ថាប័នសាធារណៈនិងកសាងរដ្ឋបាលស្អាតស្អំព្រមទាំងបង្កើនប្រសិទ្ធភាពនិងលើកកម្ពស់គុណភាពសេវាសាធារណៈនិងការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថេរភាពរឹងមាំធន់។
ទី ៣ ការធានា ជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជនតាមរយៈការផ្ដល់ជូនដល់ស្រទាប់យុវជននូវការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើការជួយកសិករនិងការពង្រឹងប្រតិកម្មនិងរកទីផ្សារលក់កសិផល។ និងទី ៤ ការធានានូវសុវត្ថិភាពសង្គមនិងលំនឹងក្នុងការរស់នៅរបស់ប្រជាជនទាំងក្នុងពេលបច្ចុប្បន្នក៏ដូចទៅអនាគតតាមរយៈការអភិវឌ្ឍនិងពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាពនិងចីរភាពសម្រាប់ប្រជាជនគ្រប់រូបពិសេសសម្រាប់អ្នកក្រីក្រនិងក្រុមយុវជនងាយរងគ្រោះដោយមិនត្រូវទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះ ដោយមិនមានការយកចិត្តទុកដាក់នោះឡើយ៕