និស្សិតផ្នែកសិល្បៈ និងបុរាណវិទ្យាសហរដ្ឋអាមេរិក ទស្សនកិច្ចសិក្សានៅរមណីយដ្ឋានអង្គរ ក្នុងខេត្ដសៀមរាប

AKP សៀមរាប ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ — និស្សិតផ្នែកសិល្បៈនិងបុរាណវិទ្យាចំនួន៩នាក់ មកពីសកលវិទ្យាល័យ Cornell សហរដ្ឋ​អាមេរិក បានមកធ្វើទស្សនកិច្ចសិក្សានៅរមណីយដ្ឋានអង្គរ ក្នុងខេត្ដសៀមរាប និងរាជធានី​ភ្នំពេញ ដើម្បីឈ្វេងយល់អំពីវប្បធម៌-អរិយធម៌ខ្មែរ សិប្បកម្មសូត្រ ប្រវត្តិសាស្ត្រ និងស្ថាបត្យ​កម្ម​សំណង់បុរាណខ្មែរ។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះគឺមានរយៈពេល២សប្តាហ៍ ចាប់ពី​ថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ទៅតាមទីតាំងសំខាន់ៗដូចជា ប្រាសាទក្នុង​រមណីយ​ដ្ឋានអង្គរ កសិដ្ឋានផលិតសូត្រនៅស្រុកពួក មជ្ឈមណ្ឌល CKS ប្រាសាទសំបូរ​ព្រៃគុក រាជវាំងចតុមុខ សារមន្ទីរជាតិ សារមន្ទីរទួលស្លែង សាកលវិទ្យាល័យភូមិន្ទ​វិចិត្រ​សិល្បៈ កន្លែងផលិតសូត្រនៅកោះដាច់ ផ្សារទូលទំពូង។ល។ ទន្ទឹមនេះ ដើម្បីឱ្យនិសិ្សតបាន​ឈ្វេង​យល់កាន់តែច្បាស់ពីវប្បធម៌ប្រពៃណី ប្រវត្តិសាស្រ្តខ្មែរ  ការគ្រប់គ្រងតំបន់រមណីយ​ដ្ឋាន​​អង្គរ សិប្បកម្មតម្បាញសូត្រ ទីផ្សារលក់ដូរវត្ថុសិល្បៈ របាំនោះ គឺតម្រូវឱ្យ និស្សិត​ទាំងនោះអនុវត្តន៍ផ្ទាល់លើការគូរចម្លាក់ ដាប់ចម្លាក់ និងហាត់រាំរបាំខ្មែរ។ លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារ អង្គរ បានឱ្យដឹងកាលពីរសៀលថ្ងៃទី០៤ខែមករាឆ្នាំ២០១៩នេះថា ទស្សនកិច្ចសិក្សានេះ គឺជា​ការបន្តបង្រៀនដល់និស្សិតឱ្យអនុវត្តន៍ផ្ទាល់ដល់ទីកន្លែង បន្ទាប់ពីលោកបាន​បង្រៀនទ្រឹស្តី​មួយ​ឆមាសដល់ពួកគេនៅឯសហរដ្ឋអាមេរិកមក ដែលទាក់ទងនឹងមុខវិជ្ជាទឹក សិល្បៈ នយោ​បាយនៅអាស៊ីអាគ្នេយ៍ អរិយធម៌ខ្មែរ និងអរិយធម៌ពិភពលោក ប្រវត្តិសាស្រ្តខ្មែរ ឧស្សាហកម្ម​កុលាលភាជន៍ខ្មែរ និងការគ្រប់គ្រងបេតិកភណ្ឌអង្គររបស់អាជ្ញាធរជាតិអប្សរា ធ្វើឱ្យពួកគេចាប់​អារម្មណ៍ខ្លាំងនិងចង់មកសិក្សាដោយផ្ទាល់។ លោកបណ្ឌិតសង្ឃឹមថា និសិ្សតទាំងអស់​ ​នឹង​បានយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរគ្រប់សម័យកាល តួនាទីប្រាសាទបុរាណខ្មែរ ការគ្រប់គ្រង​បេតិក​ភណ្ឌអង្គរ អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក និងបានស្គាល់ចម្លាក់​បុរាណ​ខ្មែរ ក្បាច់សិល្បៈបុរាណខ្មែរ របាំខ្មែរ សិប្បកម្មសូត្រខ្មែរ កាន់តែល្អប្រសើរជាងមុន។បើតាមការលើកឡើងរបស់លោកស្រី ផាន់ ហាន់ណា សាស្ត្រាចារ្យអក្សរសាស្រ្តខ្មែរ​នៅសាកលវិទ្យាល័យ Cornell បានបញ្ជាក់ថា និស្សិតសិល្បៈ និងបុរាណវិទ្យានៃ សាកល​វិទ្យាល័យ Cornell កាន់តែច្រើនបានចាប់អារម្មណ៍ពីសិល្បៈ និងបុរាណវិទ្យាកម្ពុជា ហើយនេះ ជាលើកទី៥ដែលសាកលវិទ្យាល័យ Cornell បានដឹកនាំនិសិ្សតមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីឈ្វេងយល់ដោយផ្ទាល់ពីប្រវត្តិសិល្បៈ វប្បធម៌ តម្បាញសូត្រ ចម្លាក់ថ្ម របាំ និងប្រាសាទ​ខ្មែរ ជាពិសេសការប្រើប្រាស់ទឹក និងគ្រប់គ្រងទឹកក្នុងតំបន់អង្គរ។ចំណែកលោកស្រីសាស្រ្តាចារ្យ Kaja Mc Gowan ជាអ្នកដឹកនាំនិស្សិតមកធ្វើទស្សន​កិច្ចនេះ បានឱ្យដឹងដែរថា ទស្សនកិច្ចសិក្សានេះ​វាជាបទពិសោធន៍ដ៏សំខាន់នៅក្នុង​ជីវិតរបស់​និស្សិតសិល្បៈនិងបុរាណវិទ្យាទាំង៩នាក់ដែលបានមកសិក្សាដោយផ្ទាល់អំពីអរិយធម៌ខ្មែរ ព្រោះនៅកម្ពុជាមានបុរាណដ្ឋានច្រើនកន្លែង មានវប្បធម៌ប្រពៃណីគួរឱ្យចាប់អារម្មណ៍ទាំងការ​សិក្សាទ្រឹស្តី និងការស្រាវជ្រាវផ្ទាល់។ លោកស្រីសាស្ត្រាចារ្យ ក៏បានថ្លែងអំណរគុណដល់​អាជ្ញាធរជាតិអប្សរាដែលបានសហការយ៉ាងល្អជាមួយសាកលវិទ្យាល័យ Cornell ពិសេស​អនុញ្ញាត​ឱ្យលោកបណ្ឌិត អ៊ា ដារិទ្ធ ទៅចែករំលែកបទពិសោធន៍ការងារទាក់ទង​នឹងបុរាណ​វិទ្យាប្រវត្តិសាស្ត្រខ្មែរ វប្បធម៌ប្រពៃណីខ្មែរ អរិយធម៌ពិភពលោក នយោបាយនៅអាស៊ីអាគ្នេយ៍ ការគ្រប់គ្រងទឹក និងការគ្រប់គ្រងរមណីយដ្ឋានអង្គរដល់និស្សិតនៅ Cornell នៃសហរដ្ឋ​អាមេរិក បានយល់កាន់តែច្បាស់និងបានមកសិក្សាស្វែងយល់ដោយផ្ទាល់​នៅអង្គរ និ​ង​រាជធានីភ្នំពេញ៕

ដោយ ហង្ស សៀក