អាជ្ញាធរភ្នំពេញប្រជុំចុងក្រោយដើម្បីត្រួតពិនិត្យការងារសំរាប់ត្រៀមរៀបចំទិវាជ័យជម្នះ៧មករាខួបលើកទី៤០

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖


រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាលើកចុងក្រោយ ដើម្បីពិនិត្យលទ្ធផលរបស់ផ្នែកនិមួយៗ និងការទទួលខុសត្រូវរៀងៗខ្លួនលើការងារត្រៀមរៀបចំទិវាបុណ្យ៧មករាខួបលើកទី៤០(៧មករា ១៩៧៩.៧មករា ២០១៩)ដែលជាថ្ងៃកំណើតទី២សំរាប់យើងទាំងអស់គ្នាដែលបានចាកផុតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៏ប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា ទិវាបុណ្យ៧មករា ឆ្នាំនេះជាខួប៤០ឆ្នាំគឺមានការរៀបចំអធឹកអធមដោយមានការ ដង្ហែរក្បួនព្យុះហយាត្រាសំរាប់២៥រាជធានី.ខេត្ត ។ដូច្នេះការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈគឺជាការងារចាំបាច់ រួមទាំងការរៀបចំឲ្យបានល្អប្រសើរសក្ត័សមទៅនឹងកិត្តិយសនៃថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា។

ឯកឧត្តម អភិបាល បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១២ ត្រូវទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួនដែលបង្ហាញពីសមត្ថភាពនៃការដឹកនាំរបស់ស្ថាប័ននិមួយៗហើយយើងទាំងអស់គ្នាក៏ធ្លាប់មានពិសោធន៏ប្រកបដោយជោគ ជ័យក្នុងការចូលរួមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីធំៗរួចមកហើយ។

ឯកឧត្តម បញ្ជាក់ថា រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការហាត់សមកំលាំងច្រើនលើកច្រើនសារជាមួយបណ្តាខេត្ត.ក្រុងផ្សេងៗទៀតមុនពិធីផ្លូវការចាប់ផ្តើម ហើយនៅថ្ងៃទី៥មករានេះ នឹងមានការហាត់សមកំលាំងចូលរួមជាលើកចុងក្រោយឲ្យដូចពិធីផ្លូវការពិតៗនៅពហុកីឡដ្ឋាន ជាតិអូឡាំពិកដែលមានប្រជាពលរដ្ឋចូលរូមប្រមាណជាង៦ម៉ឺននាក់ ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងស្ដីពីការពង្វាងចរាចរនៅ បរិវេណពហុកីឡដ្ឋានជាតិឡាំពិក និងសុំឲ្យមានការផ្អាករាល់ការដ្ឋានសំណង់នានានៅជុំវិញពហុកីឡដ្ឋានជាតិ និងមិនត្រូវឲ្យមានការហាលខោអាវរញេរញ៉ៃ ធ្វើឲ្យបាត់សណ្តាប់ធ្នាប់នៅក្បែរទីតាំងប្រារព្វពិធីនោះឡើយ ៕