ធនាគារជាតិនៃកម្ពុជា ប្រកាសសម្របខ្លួនទៅនឹងបដិវត្តន៍ឩស្សាហកម្មជំនាន់ទី៤

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​៖


ធនាគារជាតិនៃកម្ពុជា បានប្រកាសពីសម្របខ្លួនទៅនឹងបដិវត្តន៍ឩស្សាហកម្មជំនាន់ទី៤ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារពីបច្ចេកវិទ្យាថ្មីៗ ។
សេចក្ដីថ្លែងការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យអនុវត្តបទប្បញ្ញត្តិគ្រប់គ្រងបច្ចេកវិទ្យាហរិញ្ញវត្ថុសមស្រប ព្រមទាំងបន្តអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ដែលជាការងារអាទិភាព ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពការងារ សំដៅបង្ការហានិភ័យនានា និងទាញយកផលប្រយោជន៍ពីការរីកចំរើននៃបច្ចេកវិទ្យាថ្មីៗ។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា នៅក្នុងបច្ចេកវិទ្យាហរិញ្ញវត្ថុមួយចំនួន បានកាត់បន្ថយកម្រៃសេវានិងហានិភ័យ ព្រមទាំងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ប៉ុន្តែបច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួនទៀតដូចជា ទ្រព្យសកម្ម បានបង្កហានិភ័យដល់សេដ្ឋកិច្ច ដោយសារការប្រែប្រួលតម្លៃយ៉ាងឆាប់រហ័ស និងគ្មានការធានាលើការប្ដូរជាសាច់ប្រាក់ដោយស្ថាប័នណាមួយឡើយ។
ប្រភពដដែលនេះ បានបន្តថា បដិវត្តន៍ឧស្សាហកម្ម បានបង្កើតបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ហើយមានការវិវត្តយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលកំពុងផ្លាស់ប្ដូរដំណើរការនៃប្រព័ន្ធសេដ្ឋកិច្ច សង្គម និងនយោបាយ ដែលទាមទាំរការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការតាមដានឲ្យទាន់ពេលវេលានូវការរីកចម្រើននៃបច្ចេកវិទ្យា ដែលមានសារៈសំខាន់ក្នុងការរក្សាប្រសិទ្ធភាព ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ចទាំងមូល៕