ក្រសួងអភិវឌ្ឍន៍ជនបទត្រៀមអនុវត្តន៍ផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ដើម្បីឈានទៅផ្គត់ផ្គង់អនាម័យទឹកស្អាតនៅ ជនបទអោយបាន៩០ភាគរយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក សុខរិន៖


ក្រសួងអភិវឌ្ឍន៍ជនបទត្រៀមអនុវត្តន៍ផែនការយុទ្ធសាស្រ្តផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងរយះពេល៥ឆ្នាំទៅមុខទៀត អោយបាន៩០ភាគរយនៅក្នុងឆ្នាំ២០២៣ខាងមុខដើម្បីគាំពារសុខភាពសាធារណៈ។


ក្រសួងអភិវឌ្ឍន៍ជនគ្រោងអនុម័ត ផែនការយុទ្ធសាស្រ្តជំហានទីស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៩ ២០២៣ ក្នុងគោលដៅជំរុញអោយគ្រប់ភាគីពាក់ព័ន្ធទំាងអស់ បង្កើន សកម្មភាពឲ្យកាន់តែសកម្ម ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងលើកអនាម័យជន ដើម្បីធានាឲ្យ ប្រជាពលរដ្ឋមានសុខមាលភាពល្អនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។


ឯកឧត្តមជ័យ ផុន អគ្គនាកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទបាន ឲ្យដឹងថា ផែនការយុទ្ធសាស្រ្តនេះបានផ្តោតលើគោលដៅ៤សំខាន់ គឺពង្រឹងកិច្ចសហការជាមួយវិស័យឯក ជនក្នុងការពង្រីកដែនសេវាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឲ្យគ្រប់ច្រកល្ហក់ នៅតំបន់ដាច់ស្រយាល ឆ្ងាយៗ ឬកន្លែងខ្វះប្រភពទឹក រួមទំាងអប់រំនឹងការផ្តល់សេវាគាំទ្រនានាដើម្បីជំរុញអោយប្រជាពលរដ្ឋ បានប្រើប្រាស់បង្គន់អនាម័យអោយបានគ្រប់ក្រុមគ្រួសារ។


ឯកឧត្តមបានអះអាងថា ក្រសួងអភិវឌ្ឍន៍ ជនបទបានប្តេជ្ញានឹងជំរុញការអនុវត្តការងារលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទឲ្យ សម្រេចបានតាមផែនការ១០០ភាគរយនៅឆ្នាំ២០២៥ខាងមុខ។
ការជំរុញលើកកម្ពស់អនាម័យទឹកស្អាតនៅជនបទនេះបានធ្វើឡើងខណៈដែលបញ្ហានេះជា តម្រូវការសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រសិនបើខ្វះអនាម័យឬគ្មានទឹកស្អាតប្រើប្រាស់ វាជះឥទ្ធិពលអាក្រក់ដល់សុខភាពប្រជាពលរដ្ឋ ហើយប៉ះពាល់ដល់ប្រាក់ចំណូលសេដ្ឋកិច្ចក្នុងក្រុមគ្រួសារធ្វើអោយកុមារខ្វះអាហារូបត្ថម្ភជាដើម។ ម្យ៉ាងវិញទៀតយោងតាមការសិក្សារបស់អ្នកជំនាញបានឲ្យដឹងថាបើកាលណាខ្វះអនាម័យនិងទឹកស្អាតធ្វើអោយខាតបង់សេដ្ឋកិច្ចរហូតដល់៤០០លានដុល្លាក្នុងមួយឆ្នាំ។


លោកហង់ លីប៊ុណ្ណា អ្នកឯកទេសអនាម័យនិងទឹកស្អាតប្រចាំអង្គការភ្លែនអន្តរជាតិកម្ពុជា បានឲ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនៅជនបទគឺបាន ការបន្ថយភាពក្រីក្រី ពិសេសលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ពិសេសកុមារធានាមិនអោយ កើតមានជម្ងឺក្រេះក្រិន។


លោកបញ្ជាក់ថា អង្គការភ្លែននិងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលដើម្បីឈាន ទៅសម្រេចបានជោគជ័យនៃផែនការលើកកម្ពស់អនាម័យនិងទឹកស្អាតឲ្យបាន៩០ភាគរយនៅឆ្នាំ២០២៣តាមរយះយុទ្ធសាស្រ្ត៤គឺជួយពង្រឹងសមត្ថភាព បច្ចេកទេសនិងសម្ភារៈដល់ក្រសួងនិងស្ថាប័នថ្នាក់ក្រោមជាតិ ជំរុញការសាងសង់ប្រព័ន្ធចម្រោះទឹកស្អាត និងសាងសង់អណ្តូងទឹកស្អាតនៅតាមសាលារៀន និងសហគមន៍ និងបង្កើនវិធី សាស្រ្តផ្លាស់ប្តូរឥរិយាបទប្រជាពលរដ្ឋកុំអោយបន្ទោរបង់ពាសវាលពាសកាល។


យោងតាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍បានឲ្យដឹងថា នៅឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាសម្រេចបានជោគជ័យនៃការលើកកម្ពស់អនាម័យនិងទឹកស្អាតលើសផែនការកំណត់រហូតដល់ជាង៨០ភាគរយ ខណៈតាមផែនការឲ្យសម្រេចបានតែជាង៦០ភាគរយប៉ុណ្ណោះ៕