កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅពាក់កណ្តាលខែនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា ACC ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមនៅពាក់កណ្តាលខែនេះ ដោយរំពឹងថា មានគណៈប្រតិភូប្រទេសជាសមាជិករបស់សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី(ICAPP)ប្រមាណ៣០០រូបចូលរួម។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៤ ខែធ្នូនេះ ឯកឧត្តម ឯក ថា អនុប្រធានគណៈកម្មការផ្សព្វផ្សាយ និងសារព័ត៌មាន នៃ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសកិច្ចប្រជុំនេះ ជាផ្លូវការ នៅថ្ងៃទី១៥ ខែមករា នៅទីលានជល់ដំរី ស្ថិតក្នុងរមណីយដ្ឋានអង្គរ ដែលមានអ្នកចូលរួមប្រមាណ៣០០រូបរួមមាន ឥស្សរជនជាន់ខ្ពស់សំខាន់ៗ រដ្ឋមន្ត្រីក្រសួងវប្បធម៌ពីក្នុងតំបន់ និងឥស្សរជនដទៃទៀតជាសមាជិក ICAPP។ ព្រមជាមួយគ្នានេះ ក៏មានសិល្បករ សិល្បៈការិនីល្បីៗ មកពីជាង១០ប្រទេស ធ្វើការសម្តែងសិល្បៈ ដើម្បីស្វាគមន៍ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលមានការិយាល័យនៅកម្ពុជាផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា គោលបំណងរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី គឺដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមបណ្តាប្រទេសជាសមាជិក លើកកម្ពស់សាមគ្គីភាពក្នុងភាពសម្បូរបែប លើកកម្ពស់ សម្បត្តិវប្បធម៌ជាប្រភពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហការអន្តរជាតិ និងការផ្សារភ្ជាប់អារ្យធម៌ និងកសាងនូវទ្វីបអាស៊ីមួយប្រកបដោយភាពសុខុដុម។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ ជាដៃគូ សហប្រតិបត្តិការ តាមរយៈ ICAPP ដែលមានសមាជិកចំនួន៣៥២គណបក្ស រួមទាំងគណបក្សកំពុងកាន់អំណាច និងគណបក្សប្រឆាំងមកពី៥២ប្រទេស នៅទ្វីបអាស៊ី។
ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៊ី ហើយកិច្ចព្រមព្រៀងភាពជាដៃគូដ៏គួរឱ្យកោតសរសើរនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ ICAPP និងបណ្តាគណបក្សនយោបាយនៅអាស៊ី។

ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៊ី ត្រូវបានប្រគល់តួនាទីឱ្យរៀបចំឯកសារគោល សម្រាប់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ស្របតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំ លើកទី២៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានឯកភាពឲ្យធ្វើជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី សម្រាប់ចូលរួមលើកកម្ពស់ការតភ្ជាប់វប្បធម៌ និងសង្គមរវាងទ្វីបអឺរ៉ុប និងអាស៊ី ដើម្បីជាប្រយោជន៍ដល់ការរក្សាសន្តិភាព ការអភិវឌ្ឍ ការគ្រប់គ្រងបម្រែបម្រួលធាតុ ជំនួយមនុស្សធម៌ ការជួយសង្គ្រោះប្រជាជនក្នុងគ្រោះមហន្តរាយ និងការតភ្ជាប់ទំនងទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម៕