គ្រោះថ្នាក់ចរាចរចូលឆ្នាំថ្មីនៅថៃស្លាប់៤៦៣នាក់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ — មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបាននិយាយពីថ្ងៃព្រហស្បតិ៍នេះថា គេរាយការណ៍ថា មានមនុស្សស្លាប់ច្រើនដល់ទៅ៤៦៣នាក់ដោយសារគ្រោះថ្នាក់ចរាចរក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនៅទូទាំងប្រទេសថៃ ។

អនុរដ្ឋមន្ត្រីមហាផ្ទៃលោក​Suthee Makboon បានដកស្រង់សេចក្តីរាយការណ៍មួយរបស់មជ្ឈមណ្ឌលការពារនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរដែលនិយាយថា មនុស្ស៤៦៣នាក់គេរាយការណ៍ថា ស្លាប់ដោយគ្រោះថ្នាក់ចរាចរ នឹង៣.៨៩២នាក់ទៀតរបួសនៅទូទាំងប្រទេសក្នុងពេល៧ថ្ងៃកន្លងទៅនៃរដូវបុណ្យនេះ ឬចាប់ពីថ្ងៃទី២៧ ខែធ្នូ រហូតដល់ថ្ងៃទី២ ខែមករា ។

ទោះបីជាមានយុទ្ធនាការដែលបានធ្វើឡើងរបស់ពួកអាជ្ញាធរនៅទូទាំងប្រទេសក៏ដោយ ក៏ការស្លាប់នៅឆ្នាំនេះ ដែលភាគច្រើនទាក់ទងដល់​ពួកអ្នកជិះម៉ូតូ ព្រមទាំងអ្នកដំណើររបស់ពួកគេនោះបានកើនឡើងប្រមាណ១០ភាគរយលើសពីឆ្នាំកន្លងទៅ ។

តាមអនុរដ្ឋមន្ត្រីមហាផ្ទៃឱ្យដឹងថា គ្រោះថ្នាក់ចរាចរភាគច្រើនគេរាយការណ៍ថា មានជាប់ទាក់ទងដល់ការបើកបរដោយស្រវឹង និងល្បឿនលឿន ។ ខេត្តណាខន រាជស៊ីម៉ា គេរាយការណ៍ថា ជាខេត្តមួយដែលមានអ្នកស្លាប់២៥នាក់ ដែលខ្ពស់បំផុតនៅក្នុងប្រទេសដោយឡែកខេត្តណាខនស៊ីថា ម៉ារ៉ាត គេរាយការណ៍ថា ជាខេត្តដែលមានគ្រោះថ្នាក់ចរាចរ ១១៨ លើកដែលខ្ពស់បំផុតនៅក្នុងប្រទេស ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )