សន្និសីទជាតិពិភាក្សាអំពីគោលនយោបាយជនជាតិដើមភាគតិច

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ — កាលពីថ្ងៃទី៣ ខែមករា គណៈកម្មាធិការសម្រាប់កិច្ចការជនជាតិភាគតិចរបស់រដ្ឋាភិបាលវៀតណាម និងស្ថានទូតអៀរឡង់ប្រចាំនៅទីក្រុងហាណូយ បានរៀបចំសន្និសីទថ្នាក់ជាតិមួយ ស្តីពីគោលនយោបាយជនជាតិដើមភាគតិចឆ្ពោះទៅអំឡុងឆ្នាំ ២០២១-២០៣០។

ថ្លែងក្នុងពិធីនេះ លោក Do Van Chien រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការបាននិយាយថា  វៀតណាមជាប្រទេសមានជនជាតិភាគដើមតិចចំនួន ៥៤ក្រុម ដែលក្នុងនោះជនជាតិដើមភាគតិចចំនួន ៥៣ក្រុមមានចំនួន ១៤,៦លាននាក់ ស្មើនឹង ១៤ភាគរយនៃចំនួនប្រជាជនសរុប។ ក្រុមជនជាតិដើមភាគតិចទាំងនេះ ភាគច្រើនរស់នៅតាមតំបន់ភ្នំ និងតំបន់ព្រំដែន នៅក្នុងឃុំចំនួន ៥.២៦៦ឃុំ ក្នុងស្រុកចំនួន ៥៤៨ស្រុក នៅក្នុងខេត្ត និងក្រុងចំនួន ៥១ ។

ចាប់ពីឆ្នាំ ២០១៦ មក រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីវៀតណាម បានចេញឯកសារចំនួន ១៤ ស្តីពីអាទិភាពចំពោះកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៅតំបន់រស់នៅរបស់ជនជាតិដើមភាគតិច រួមទាំងគោលនយោបាយទាក់ទងនឹងជនជាតិដើមភាគតិចចំនួន ១៥ ផងដែរ។ បច្ចុប្បន្ននេះ មានគោលនយោបាយចំនួន ៥៤ ស្តីពីកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៅតំបន់ជនបទ និងតំបន់ជនជាតិដើមភាគតិចដែលកំពុងមានសុពលភាព។ ទោះជាយ៉ាងណាក៏ដោយ ភាពគ្មានការងារធ្វើ ភាពក្រីក្រ គ្រោះមហន្តរាយធម្មជាតិ និងជម្ងឺ នៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយចំពោះតំបន់ទាំងនោះ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh បានអះអាងថា គណបក្ស និងរដ្ឋរបស់ វៀតណាម តែងតែយកចិត្តទុកដាក់ដល់កិច្ចអភិវឌ្ឍន៍តំបន់ជនបទ និងតំបន់ជនជាតិដើមភាគតិច ដែលត្រូវបានចាត់ទុកថា ជាភារកិច្ចសំខាន់ក្នុងការកសាងសាមគ្គីភាពជាតិ និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកបាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គោលនយោបាយសម្រាបជនជាតិដើមភាគតិចបានកែលម្អតាមទិសដៅអភិវឌ្ឍន៍ជាអាទិ៍ក្នុងវិស័យអប់រំ ការថែទាំសុខភាព ការកាត់បន្ថយភាពក្រីក្រ ប្រកបដោយចីរភាពវឌ្ឍនភាពសង្គម និងសមភាព៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)