សហរដ្ឋអាមេរិកព្រមានអ៊ីរ៉ង់អំពីការបាញ់បង្ហោះយានអវកាស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៤.០១.១៩)

អ៊ីរ៉ង់៖ កាលពីថ្ងៃព្រហស្បតិ៍សហរដ្ឋអាមេរិកបានចេញការព្រមានចំពោះអ៊ីរ៉ង់ប្រឆាំងនឹងការបាញ់បង្ហោះរ៉ុក្កែតចំនួន ៣ដោយបាននិយាយថាការបាញ់បង្ហោះនេះនឹងរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិពីព្រោះបានប្រើបច្ចេកវិទ្យាជាគ្រាប់មីស៊ីលផ្លោង។

ប្រទេសអ៊ីរ៉ង់បានច្រានចោលការព្រមានដែលចេញដោយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក​ដោយអ៊ីរ៉ង់បាននិយាយថាការបាញ់បង្ហោះយានអវកាសរបស់ខ្លួននិងការសាកល្បងមីស៊ីលមិនមែនជាការរំលោភបំពានទេ។

លោករដ្ឋមន្ត្រីការបរទេសអាមេរិក​ បាននិយាយថាប្រទេសអ៊ីរ៉ង់គ្រោងនឹងចាប់ផ្តើមបាញ់បង្ហោះគ្រាប់រ៉ុកកែតចំនួន ៣នៅខែខាងមុខនេះដោយលោកបានបន្ថែមទៀតថាបច្ចេកវិទ្យានៃការបាញ់បង្ហោះមានលក្ខណៈដូចគ្នាទៅនឹងអ្វីដែលប្រើនៅក្នុងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប។