ការប៉ះទង្គិចគ្នារវាង​ក្រុមឧទ្ទាមនៅភាគពាយព្យប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៤.០១.១៩)

ស៊ីរី៖ តាមសេចក្តីរាយការណ៍របស់ប្រភពព័ត៌មានក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាមានការប៉ះទង្គិចគ្នាក្នុងចំណោមក្រុមឧទ្ទាមស៊ីរីដែលបានរីករាលដាលនៅទូទាំងភាគពាយព្យប្រទេសស៊ីរីដែលនេះជាសកម្មភាពចុងក្រោយបង្អស់នៃការប្រយុទ្ធគ្នាក្នុងចំណោមក្រុម​ប្រឆាំងនឹងរបបប្រធានាធិបតីស៊ីរីលោកបាសា អាល់ អាសាដ​ ។

ការប៉ះទង្គិចគ្នាក្នុងចំណោមក្រុមប្រដាប់អាវុធជាគូបដិបក្ខនឹងគ្នាក្នុង​ប្រទេសស៊ីរីមានតាំងពីយូរមកហើយចាប់តាំងពីការបះបោរប្រឆាំងនឹងលោកអាល់អាសាដចាប់ផ្តើមក្នុងឆ្នាំ ២០១១ មក។ ការប៉ះទង្គិចគ្នាក្នុងចំណោមគូបដិបក្ខនេះបានជួយប្រធានាធិបតីស៊ីរី ដែលបានចង​សម្ព័ន្ធមិត្តជាមួយប្រទេសអ៊ីរ៉ង់និងរុស្ស៊ីឲ្យដណ្តើមយកមកវិញនូវទឹកដីជាច្រើនដែលធ្លាប់កាន់កាប់ដោយពួកឧទ្ទាមទំាងនោះ ។

ពួកសកម្មប្រយុទ្ធ តារឺ អាល់សាមដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់ក្រុមអាល់កៃដាបានបើកការវាយប្រហារមួយកាលពីថ្ងៃអង្គារនៅទីប្រជុំជនក្នុងតំបន់ដាច់ស្រយាលភាគខាងលិចនៃទីក្រុងអាឡេប៉ូដែលគ្រប់គ្រងដោយក្រុម ម្ខាងទៀត ដែល ជាសមាជិករណសិរ្សរំដោះជាតិក្នុងប្រទេសស៊ីរី ​ ។